ខេត្ដកណ្ដាល ៖ បុរសម្នាក់រងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាល់ក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប៉ះដៃ ចង្កូតគ្នាដួលលើផ្លូវត្រូវរថយន្ដដឹកដីទៅដល់ថ្ពក់អាវជនរងគ្រោះអូសពីក្រោម រថយន្ដចម្ងាយជិត១០ម៉ែត្រទើបឈប់ ហើយអ្នកបើកបររថយន្ដគេចខ្លួនបាត់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ១ ភូមិ-ឃុំភូមិធំ ស្រុកកៀនស្វាយ ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកអាយខន ពណ៌ត្រួយចេក ពាក់ស្លាក លេខភ្នំពេញ1AR-3303 ឈ្មោះ អេង ស៊ុនស៊ីយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មាន ទីលំនៅភូមិកំពង់ចំលង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្ដកណ្ដាល ។ រីឯជន រងគ្រោះ២នាក់ទៀតមិនស្គាល់អត្ដសញ្ញាណ នោះឡើយដោយសារតែក្រោយកើត ហេតុភ្លាមគេបានលើកម៉ូតូជិះគេចខ្លួន។
រថយន្ដដឹកដីម៉ាកហ៊ីណូ ពណ៌ស គ្មាន ស្លាកលេខ អ្នកបើកបានគេចខ្លួនបាត់ ដែរ ។ ប៉ុន្ដែបើតាមប្រភពព័ត៌មានពី នគរបាលចរាចរស្រុកកៀនស្វាយឱ្យដឹង ថា ម៉ូតូទាំង២គ្រឿងបើកក្នុងទិសដៅ ស្របគ្នាពីអ្នកលឿងចូលមកក្រុងភ្នំពេញ ចំណែករថយន្ដដឹកដីបើកមកពីក្រោយ ។ លុះមកដល់កន្លែងកើតហេតុក៏ប៉ះដៃ ចង្កូតគ្នាបណ្ដាលឱ្យដួលទៅលើផ្លូវស្រប ពេលដែលអ្នកជិះម៉ូតូអាយខន ខ្ទាតទៅ កណ្ដាលផ្លូវត្រូវរថយន្ដដឹកដីបើកពី ក្រោយទាក់អាវអូសជនរងគ្រោះពីក្រោម រថយន្ដជិត១០ម៉ែត្រ ទើបឈប់ បណ្ដាល ឱ្យជនរងគ្រោះរបួសធ្ងន់ ។
ដោយឡែកម៉ូតូមួយគ្រឿងទៀតម៉ាកសង់ ពណ៌ខ្មៅ ជិះគ្នា២នាក់រងរបួសស្រាល ក្រោយពីកើតហេតុភ្លាមអ្នកទាំង២បាន លើកម៉ូតូជិះគេចខ្លួន ។
បន្ទាប់ពីកើតហេតុមួយសន្ទុះក្រោយ មកសមត្ថកិច្ចបានយករថយន្ដនិងម៉ូតូ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕