ខេត្ដកំពង់ឆ្នាំង ៖ គ្រូពេទ្យម្នាក់ធ្វើការ នៅអគារព្យាបាលជំងឺទូទៅនៃមន្ទីរពេទ្យបង្អែកខេត្ដកំពង់ឆ្នាំងបានទទួលរងការជេរប្រមាថយ៉ាងចាស់ដៃពីសំណាក់ក្រុមគ្រួសាររបស់អ្នកជំងឺដោយចោទប្រកាន់គ្រូពេទ្យម្នាក់នេះថា មិនបានយកចិត្ដទុក ដាក់និងរើសអើងក្នុងការព្យាបាលអ្នក ជំងឺក្រីក្រដែលគ្មានលុយ ។ ករណីគ្រួសារ អ្នកជំងឺជេរប្រមាថគ្រូពេទ្យនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នៅក្នុង មន្ទីរពេទ្យបង្អែកខេត្ដកំពង់ឆ្នាំង ។
បុរសដែលជេរប្រមាថគ្រូពេទ្យនេះឈ្មោះ ឈន ចន្នី អាយុ៣៤ឆ្នាំ មានប្រពន្ធឈ្មោះ ជឹម គន្ធា អាយុ៣៤ឆ្នាំ (មានជំងឺ) រស់នៅ ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
នៅក្នុងមន្ទីរពេទ្យបុរសរូបនេះបាន និយាយនៅចំពោះមុខគ្រូពេទ្យនិងសមត្ថកិច្ចថា នៅពេលនេះគាត់លែងខ្លាចអី ទៀតហើយ ។ ចង់យកគាត់ទៅណាក៏យក ទៅចុះ ព្រោះថាប្រពន្ធរបស់គាត់ឈឺចង់ ស្លាប់ទៅហើយគ្រូពេទ្យដែលប្រចាំការ នៅអគារនេះបែរជាព្រងើយកន្ដើយ នឹងអ្នកជំងឺក្រីក្រដែលគ្មានលុយដោយ ពុំបានព្យាបាលឱ្យបានដិតដល់ទេពេល សួរទៅថាខ្វះនេះខ្វះនោះ ។
បុរសរូបនេះបាននិយាយខ្លាំងៗតប គ្រូពេទ្យដោយសូមឱ្យគ្រូពេទ្យមើលអ្នកជំងឺក្រីក្រផង កុំមើលតែអ្នកមានពេក បើពុំដូច្នេះទេអ្នកជំងឺក្រីក្រគ្មានលុយកាក់ប្រាកដជាស្លាប់អស់ហើយ ។ អ្វីដែលគាត់ និយាយនេះគឺសូមស្បថជូនចំពោះមេឃដីបើគាត់និយាយទៅខុសនោះសូមមេឃដីដាក់ទោសចុះពីព្រោះនេះជាការពិត ។
ពាក់ព័ន្ធនឹងករណីនេះលោកគ្រូពេទ្យ ដែលប្រចាំការនៅអគារនេះបានប្រាប់ថា មុនដំបូងអ្នកជំងឺឈ្មោះជឹម គន្ធា ដែលត្រូវ ជាប្រពន្ធបុរសឈន ចន្នី បានមកព្យាបាល ជំងឺនៅមន្ទីរពេទ្យ ប៉ុន្ដែនៅមុនពេល បញ្ជូនមកអគារជំងឺទូទៅអ្នកជំងឺត្រូវបានសង្គ្រោះបឋមនៅអគារសង្គ្រោះបន្ទាន់ ក្រោយពេលបានធូរស្រាលហើយទើប បញ្ជូនមកអគារព្យាបាលជំងឺទូទៅវិញ ។ ប៉ុន្ដែនៅពេលមកដល់អគារព្យាបាលជំងឺ ទូទៅបុរសដែលជាប្ដីបានបញ្ជាឱ្យគាត់ជា គ្រូពេទ្យរកអុកស៊ីហ្ស៊ែនដាក់ឱ្យប្រពន្ធ របស់គាត់តែគាត់ប្រាប់ថា ជំងឺរបស់ ប្រពន្ធគាត់ជាជំងឺដែលមិនត្រូវដាក់អុកស៊ីហ្ស៊ែននោះទេ ហើយក៏ត្រូវបុរសជាប្ដី នេះបានជេរប្រមាថរូបគាត់ជាគ្រូពេទ្យ តែម្ដង ទើបគាត់ប្ដឹងទៅខាងរដ្ឋបាលរបស់ មន្ទីរពេទ្យឱ្យហៅសមត្ថកិច្ចមកជួយធ្វើ អន្ដរាគមន៍ ។
ក្រោយពីសមត្ថកិច្ចមកសម្រុះសម្រួល ហើយបុរសរូបនេះបានស្ដាប់តាមសមត្ថកិច្ចរួចក៏ស្ងប់ស្ងាត់ទៅវិញទៅ ។
ករណីគ្រូពេទ្យព្រងើយកន្ដើយចំពោះអ្នកជំងឺក្រីក្រមិនមែនជាលើកទី១នោះទេ ដែលករណីបែបនេះគួរតែមានការកែ ទម្រង់ឱ្យបានស៊ីជម្រៅផង ៕