រាជធានីភ្នំពេញ ៖
អស់រយៈពេលជាច្រើនឆ្នាំហើយដែលអ្នកមេម៉ាយចាយសម្រស់ អ្នកនាង ស៊ឹម សូលីកា បានព្យាយាមផ្តាច់ខ្លួនចេញពីបណ្តាញសារព័ត៌មាន ហើយនាងក៏មិនដែលបើក
ទម្លាយពីអាថ៌កំបាំងស្នេហា ឬក៏ជីវិតឯកជនរបស់នាងណាមួយជាសាធារណៈទេ រហូតនាងត្រូវជាប់ងារថា ជាតារាស្រីសម្បូរអាថ៌កំបាំងថែមទៀតផង។ រាល់ការលើកឡើង មិនថាមានព័ត៌មានលេចឮយ៉ាងណាទេ នាងក៏មិនដែលអើពើចេញមុខបកស្រាយ ឬក៏បង្ហាញជាសាធារណៈពីជីវិតឯកជនរបស់នាងឡើយ។
តែពេលថ្មីៗនេះ អ្នកមេម៉ាយកូនពីរ អ្នកនាង ស៊ឹម សូលីកា បានបញ្ចេញសារបែបស្រងូតស្រងាត់បង្ហាញអារម្មណ៍ក្រៀមក្រំបង្កប់ន័យឈឺចាប់នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ប្រាប់ដល់គេឯងឱ្យដឹងគ្រាន់បានធូរក្នុងចិត្តខ្លះថា “ ខ្ញុំឈឺ ខ្ញុំខ្វះភាពកក់ក្ដៅណាស់ ពេលដែលខ្ញុំនៅតែម្នាក់ឯងបែបនេះ ប៉ុន្តែក៏ប្រសើរជាងខ្ញុំនៅជាមួយអ្នក ហើយខ្ញុំមានអារម្មណ៍ឯកានឹងខ្វះភាពកក់ក្ដៅ ។
តាមរយៈពាក្យសម្តីនេះ បានស្តែងឱ្យឃើញថា តារាស្រីដែលកំពុងតែឡើងកូដ និងមានឥទ្ធិពលនៅស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សូលីកា ហាក់ចង់បង្ហាញពីអារម្មណ៍ទុក្ខសោកបែកបាក់ស្នេហ៍ បាត់ភាពកក់ក្តៅ បាត់ក្តីស្រឡាញ់ពីមនុស្សជាទីស្រឡាញ់របស់នាងទុកឱ្យនាងរស់នៅឯកោ តែម្នាក់ឯង៕