ភ្នំពេញ ៖ សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃទី២ បានសហការជាមួយនឹងនគរបាលចរាចរណ៍ ខណ្ឌចំការមន ឃាត់រថយន្តដឹកទំនិញធុនធំមួយគ្រឿង នៅចំណុចមុខផ្ទះលេខ១៦១ ផ្លូវលេខ ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង២១និង២០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយសារបុរសម្នាក់បើកបរថយន្តធុនធំខាងលើក្នុងល្បឿនលឿនហើយបានទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវធ្លាក់រញ៉េរញ៉ែជិតដល់ដី ។
ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តធុនធំមួយគ្រឿងខាងលើនេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង 3A-5555 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត មានទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះដល់ចំណុចកែងផ្លូវលេខ៣៨៨ រថយន្តខាងលើបាន ចង្កូតរថយន្ត បត់ខាងស្តាំដៃចូលតាមផ្លូវលេខ៣៨៨ បំណងទៅរកកន្លែងចត ប៉ុន្តែពេលបើកដល់ចំណុចមុខផ្ទះលេខ ១៦១ ក៏បណ្តាលឲ្យដំបូលដែលមានកំពស់ខ្ពស់ពេក បានទាក់នឹងខ្សែភ្លើងដែលកាត់ទទឹងផ្លូវ ធ្លាក់រញ៉េរញ៉ៃជិតដល់ដី ហើយរថយន្តព្យាយាមបើកគេចពីកន្លែងកើតហេតុ តែត្រូវនគរបាលមូលដ្ឋានដេញឃាត់បានភ្លាមៗ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅនគរបាលជំនាញផ្នែកអគ្គិសនីឲ្យចុះមកពិនិត្យ ខ្សែភ្លើងដល់កន្លែងកើតហេតុ នឹងតម្រូវឲ្យម្ចាស់រថយន្តចេញសងថ្លៃខូចខាតទ្រព្យសម្បត្តិសាធារណៈ ដែលរងការខូចខាតដោយសាររថយន្តបង្កបើកទាក់ក្នុងហេតុការណ៍ខាងលើ។ ដោយមានការសម្របសម្រួលពីសមត្ថកិច្ច ម្ចាស់រថយន្តបង្កបានព្រមចេញសងថ្លៃខូចខាតទាំងស្រុងឲ្យទៅអ្នកទទួលខុសផ្នែកអគ្គិសនី ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។
ជុំវិញករណីរថយន្តទាក់ខ្សែភ្លើងនិងខ្សែកាប្លិ៍នេះ ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ បាននិយាយរិះគន់ទៅមន្ត្រីពាក់ព័ន្ធថាមិនយកចិត្តទុកដាក់ រៀបចំប្រព័ន្ធខ្សែភ្លើង និងខ្សែកាប្លិ៍ឲ្យបានត្រឹមត្រូវនោះទេ ទុកឲ្យរថយន្តបើកទាក់ដាច់ជាញឹកញាប់ ហើយមន្រី្តទាំងនោះ ដឹងតែពីទៅទូទាត់សំណងថ្លៃតែប៉ុណ្ណោះ ៕