ខេត្ដកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូន មកដល់មន្ទីរពេទ្យ បន្ទាប់ពីដួលម៉ូតូរួច ត្រូវរថយន្ដធំមួយគ្រឿងបើកកិនពីលើជើងទាំងពីរខ្ទេច ។
ហេតុការណ៍នេះបានកើត ឡើងកាល ពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវ ជាតិលេខ៥ ចំណុចមុខខ្លោងទ្វារវត្ដចំពុះ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
មន្ដ្រីនគរបាលចរាចរស្រុករលាប្អៀរ ដែលបានទៅពិនិត្យនៅកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះមានឈ្មោះ អៀត ប៊ុនធឿន អាយុ៤៥ឆ្នាំ មានទីលំ នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានមុខរបរជាកម្មករសំណង់ ។
នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិៈម៉ូតូម៉ាកវីវ៉ាពណ៏ខ្មៅ ពាក់ស្លាក លេខកំពង់ធំ១E-០៩៥៨ តាមបណ្ដោយ ផ្លូចជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរបួសធ្ងន់ និងបានស្លាប់លើរថយន្ដសង្គ្រោះ របស់មន្ទីរពេទ្យខេត្ដ ខណៈពេលដឹកទៅសង្គ្រោះ។
ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរា ចរណ៍នេះពុំមានសាក្សីណាបានឃើញ បែបណានោះទេ ប៉ុន្ដែក្រោយការវាស់ វែងនិងពិនិត្យស្លាកស្នាមនៅកន្លែងកើត ហេតុ នគរបាលសង្ស័យថា បុរសរូប នោះអាចជិះម៉ូតូមកដល់ចំណុចកើត ហេតុក៏បានដួល ហើយស្របពេលជា មួយគ្នានោះមានរថយន្ដធន់ធំមិនស្គាល់ម៉ាក បើកមកពីក្រោយក្នុងដំណើរស្រប ទិសគ្នាមកដល់ក៏ជាន់ជើងទាំងសងខាងបុរសរងគ្រោះចំត្រឹមជង្គង់ចុះក្រោមបណ្ដាលឱ្យខ្ទេចខ្វល់ រងរបួសធ្ងន់ធ្ងរ ហើយ រថយន្ដបានបើកគេចបាត់ ៕