ខេត្ដកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ ហើយត្រូវបានគេ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីយុវជនទាំង៣នាក់បើកម៉ូតូទៅបុករថយន្ដដឹកដំឡូងមីមួយគ្រឿងដែលចតស្ងៀម ស្របពេលដែលសមត្ថកិច្ចកំពុងឃាត់រថយន្ដនេះ ។
ហេតុការណ៍ជិះម៉ូតូបុករថយន្ដនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥២និងលេខ៥៣ក្នុងភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។
ជនរងគ្រោះ ១-ឈ្មោះហម ភារុំ ភេទប្រុសអាយុ២០ឆ្នាំ ជាអ្នកបើកម៉ូតូ បានស្លាប់នៅកន្លែងកើតហេតុ, ២-ឈ្មោះ ណុម វិច្ឆិកា ភេទប្រុស អាយុ ២១ឆ្នាំ រងរបួសធ្ងន់ និង៣-ឈៀង ធាត់ ហៅ ស៊ូល ភេទប្រុស អាយុ១៧ឆ្នាំ ពួកគេ ទាំង៣នាក់មានទីលំនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ដ ដឹកដំឡូងមីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម 3A-0081 ធ្វើ ដំណើរពីជើងទៅត្បូង។ ពេលដល់ចំណុច កើតហេតុរថយន្ដដឹកដំឡូងនេះត្រូវបានសមត្ថកិច្ចឃាត់ដើម្បីត្រួតពិនិត្យ ហើយ អំឡុងនៃការត្រួតពិនិត្យនេះពុំបានដាក់ ភ្លើងសញ្ញាបំភ្លឺក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខកំពង់ឆ្នាំង 1B-5030 ជិះឌុបគ្នា៣ នាក់បានទៅបុករថយន្ដពីក្រោយតែម្ដង បណ្ដាលឱ្យយុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតបាន រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅរាជធានីភ្នំពេញ ៕