ខេត្តបាត់ដំបង ៖
នគរបាលស្រុកបាណន់ បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធ ការប្រើពូថៅកាប់ស្ត្រីម្នាក់ស្លាប់ ពេលទៅឃ្វាលគោ នៅវាលស្រែក្នុងគុម្ពោតព្រៃ ដែលមានផ្ទះជិតគ្នា កាលពីម៉ោង១០ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ
ឆ្នាំ២០១៤ នៅផ្ទះជនសង្ស័យ ក្នុងភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់។ យ៉ាងណាក៏ដោយ បុរសសង្ស័យឈ្មោះ យ៉ាន់ ឆេត នៅចំពោះមុខ សមត្ថកិច្ច បានបដិសេធថា ខ្លួនមិនមានការពាក់ព័ន្ធ ជាមួយសម្លាប់មនុស្សទេ។
លោក ប៊ុត សំបូរ អធិការស្រុកបាណន់ បានអោយដឹងថា បុរសសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ យ៉ាន់ ឆេត អាយុ ៥៣ឆ្នាំ រស់នៅក្បែរផ្ទះជនរងគ្រោះ ក្នុងភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក ប៊ុត សំបូរ អធិការស្រុកបាណន់ បានបញ្ជាក់ថា ទោះជាជនសង្ស័យ មិនសារភាពក៏ដោយ តែសំអាងលើភស្តុតាង ពូថៅដៃ និងអាវរបស់ជនសង្ស័យ មានប្រឡាក់ឈាម រកឃើញក្នុងផ្ទះ ជនសង្ស័យទៀតនោះ សមត្ថកិច្ចត្រូវតែ កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការ នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។
សូមរំលឹកថា ស្ត្រីរងគ្រោះមានឈ្មោះ ឈួម ហួច អាយុ ៤២ឆ្នាំ មានប្តីឈ្មោះ សុទ្ធ ឡែម អាយុ ៤៧ឆ្នាំ មានកូនស្រី ២នាក់ ប្រុសម្នាក់ មានទីលំនៅ ក្នុងភូមិកើតហេតុ ត្រូវជនមិនស្គាល់មុខ កាប់នឹងវត្ថុរឹង ២កន្លែងដូចពូថៅ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម ពេលទៅឃ្វាលគោ ចម្ងាយពីផ្ទះជាង ១គីឡូម៉ែត្រ ហើយជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតចំណុចវាលស្រែ តាយ៉េន ក្នុងភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានចុះទៅពិនិត្យមើល ឃើញស្ថានភាព សពស្ត្រីរងគ្រោះ មានគ្របចំបើងពីលើ មានស្លាកស្នាមជាំភ្នែកស្តាំ និងបាក់ធ្មេញ មានស្នាមកាប់នៅកញ្ចឹងក ២កន្លែង ដោយវត្ថុរឹងដូចពូថៅ។ សាក្សី ៤នាក់ ជាសាច់ញាតិសពបានឱ្យដឹងថា ជនរងគ្រោះស្នាក់នៅ ជាមួយកូនប្រុសអាយុ ៤ឆ្នាំ និងម្តាយវ័យជាង ៦០ឆ្នាំ ចំណែកប្តី និងកូនក្រមុំបានទៅធ្វើការងារ នៅប្រទេសថៃ។ សាក្សីបានឲ្យដឹងថា ស្ត្រីរងគ្រោះបានដឹកគោ ទៅចងនៅវាលស្រែ បាត់មិនឃើញត្រឡប់មកផ្ទះវិញ ក៏នាំគ្នាដើររក ពេលទៅដល់វាលស្រែ ឃើញមួកនិងស្បែកជើង ជនរងគ្រោះ ក៏ដើរស្រែកហៅរក រួចស្រាប់តែប្រទះឃើញ ស្ត្រីរងគ្រោះដេកស្លាប់ផ្កាប់មុខ មានគ្របចំបើងពីលើ នៅក្នុងគុម្ពោតព្រៃ៕ ដោយ សុខជា