រាជធានីភ្នំពេញ ៖
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា ព្រះសុវណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុ ដែលតម្កល់នៅ ព្រះសក្យមុនីចេតិយ ស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវចោរលួចគាស់ យកកាលពីយប់
ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានរកឃើញហើយ និងចាប់ខ្លួនជនសង្ស័យម្នាក់ ហើយសមត្ថកិច្ច កំពុងតាមចាប់មេក្លោង។
សមត្ថកិច្ចនគរបាល ក្រសួងមហាផ្ទៃ សហការជាមួយ នគរបាលខេត្តកណ្តាល និងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ
ហើយជនសង្ស័យ បានសារភាពថា ខ្លួនបានលួច ព្រះសុវណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុ ពីព្រះសក្យមុនីចេតិយ ដែលតម្កល់នៅលើ ភ្នំព្រះរាជទ្រព្យ យកទៅលាក់ទុកនៅ ស្រុកទ្រាំង ខេត្តតាកែវ ។ ដោយមានការស្រាវជ្រាវតាមជំនាញ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជនសង្ស័យ និងបានដកហូត ព្រះសុវណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុ ដើម្បីសាកសួរឲ្យបានស៊ីជម្រៅ ឈានដល់ការតាមរកមេខ្លោង ដែលពាក់ព័ន្ធក្នុងរឿងនេះ មកផ្តន្ទាទោសតាមច្បាប់។
សូមរំលឹកថា សមត្ថកិច្ចនគរបាល ខេត្តកណ្តាល បានបើកការស៊ើបអង្កេត សាកសួរ និងតាមដានពាក់ព័ន្ធនឹងការលួច ព្រះបរមសារីរិកធាតុ ព្រះពុទ្ធអង្គ នៅព្រះសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ យ៉ាងក្តៅគគុក ដោយបានចាប់ឃុំខ្លួន ឆ្មាំព្រះសក្យមុនីចេតិយ មួយចំនួន។ ពេលភ្លាមៗ មិនមានអ្នកណា អាចដឹងច្បាស់ ពីការបាត់បង់ ព្រះបរមសារីរិកធាតុ និងព្រះពុទ្ធរូប ដែលគេជឿថា ធ្វើពីមាស នៅឡើយទេ ខណៈមន្ត្រីមួយចំនួន ទំនងជាព្យាយាមលាក់លៀម និងបិទបាំងការបាត់បង់ ព្រះសារីរិកធាតុ ដ៏មានតម្លៃ។
គេនៅចាំបានថា ពិធីបុណ្យពាក់កណ្តាលសាសនា ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងឆ្នាំ២៥០០ ព.ស ត្រូវជាឆ្នាំ ១៩៥៧ គ.ស ដោយមានដង្ហែ ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ ពីប្រទេសសិរីលង្កា យកមកតម្កល់ទុក នៅក្នុងព្រះសក្យមុនីចេតិយ នៅទល់មុខស្ថនីយរថភ្លើង នៅទីក្រុងភ្នំពេញ យ៉ាងមហោឡារិក អស់រយៈពេល ៧យប់និង ៧ថ្ងៃ។ ក្នុងពេលជាមួយគ្នា មានប្រទេសនាៗ ដែលកាន់ព្រះពុទ្ធសាសនា ក៏បានប្រារព្ធធ្វើពិធីបុណ្យនេះ ដោយយ៉ាងអធិកអធម ដ៏ក្រៃលែង៕