រាជធានីភ្នំពេញ ៖
ស្ត្រីម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូជាមួយប្តី ជ្រុលប៉ះដៃចង្កូតជាមួយ ម៉ូតូមួយគ្រឿងទៀត ខ្ទាតចូលក្រោមកង់រថយន្តធុនធំ បើកកិននិងអូសជាង ១០ ម៉ែត្រ កាលពីវេលាម៉ោង ១៦និង៣០ នាទីថ្ងៃទី៥
ខែកុម្ភះ ឆ្នាំ២០១៤ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ទល់មុខហាងនំប៉័ង បាយ័ន ស្ថិតក្នុងភូមិផ្សាតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សាក្សីបានអោយដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានជិះ ម៉ូតូម៉ាកគុប៥០ ជ្រុង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1AL-9735 បានឌុបប្រពន្ធនិងកូនប្រុស អាយុប្រហែលជាងមួយឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះ បានវ៉ារថយន្តមួយគ្រឿង ម៉ាកនីសាន់ ឌីសែល ពណ៍សលាយប្រផេះ ទម្ងន់ ៥តោន ពាក់ស្លាកលេខ បាត់ដំបង ៣A-0094 ដែលមានដឹកម៉ូតូចំនួន ៩ គ្រឿង ក្នុងទិសដៅស្របគ្នា។
ពេលនោះស្រាប់តែ ម៉ូតូជនរងគ្រោះ បានប៉ះដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកសេ១២៥ ពណ៍ខ្មៅ មិនចាំស្លាកលេខ បណ្ដាលអោយវ៉េចង្កូត ហើយក៍ធ្លាក់ប្រពន្ធនិងកូនតូច ពីលើម៉ូតូ។ ស្ត្រីជាប្រពន្ធ បានខ្ទាតចូលកង់រថយន្ត ខាងស្តាំផ្នែកខាងក្រោយ បណ្ដាលអោយរថយន្ត ជាន់ហ្វ្រាំងមិនជាប់ ក៏អូសជាង ១០ម៉ែត្រ ទើបជាន់ហ្វ្រាំងជាប់។ ចំណែកកូនតូច បានខ្ទាតចេញ មកក្រៅរថយន្ត គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ស្ត្រីរងគ្រោះមានឈ្មោះ មាលី អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវរថយន្តកិន អូសជាង ១០ម៉ែត្រ បណ្ដាលអោយដាច់សាច់ មួយចំហៀងដៃ និងខ្លួនផ្នែកខាងស្ដាំ ឃើញឆ្អឹងមើលទៅ គួរឲ្យរន្ធត់បំផុត ត្រូវបានសមត្ថកិច្ច ហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត តែដោយសាររបួសធ្ងន់ធ្ងរពេក បានស្លាប់នៅមន្ទីពេទ្យ ។
អ្នកបើកបររថយន្តឈ្មោះ ផុន ចំរើន ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមទាំងព្រូឡានម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ឈ្មោះ ផុន ចំរើន បានអោយដឹងថា ខ្លួនដឹកម៉ូតូមកពី ខេត្តបន្ទាយមានជ័យ យកទៅដាក់នៅស្តុបផ្សាថ្មី លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូប៉ះដៃចង្កូតគ្នា ហើយក៏ខ្ទាតអ្នកជិះពីក្រោយ ចូលកង់ឡាន គាត់ជាន់ហ្វ្រាំងមិនជាប់ ក៏អូសប្រហែល ១០ ម៉ែត្រ៕