ខេត្តសៀមរាប ៖
បុរសជនជាតិវៀតណាម ជាឪពុកចុងម្នាក់ បានត្រូវប៉ូលិសការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ចាប់ឃាត់ខ្លួន ដោយសារទទួលបណ្តឹងថា បានចាប់រំលោភកូនចុង កាលពីរាត្រីទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ តែជនសង្ស័យ បានសារ
ភាពថា មិនបានសម្រេចបំណងទេ គ្រាន់តែបានសម្រាត សម្លៀកបំពាក់តែប៉ុណ្ណោះ។
ជនសង្ស័យមានឈ្មោះ ម៉ីញ យាំងប៉ិន អាយុ ៣៨ឆ្នាំមានមុខរបរ ជាកម្មករនេសាទ រស់នៅភូមិ ចុងឃ្នៀសសង្កាត់ ចុងឃ្នៀសក្រុងសៀមរាប ហើយចំណែក ក្មេងស្រីរងគ្រោះ អាយុ ១៤ឆ្នាំ ជាកូនចុងទី៣ របស់ជនសង្ស័យ ។ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព ចាប់រំលោភកូនចុងរបស់ខ្លួន នៅម៉ោង ៧យប់ នាថ្ងៃទី២០ ខែកុម្ភៈ គឺព្រឹកថ្ងៃទី២១ ខែកុម្ភៈ ក្មេងស្រីរងគ្រោះ បានទៅប្តឹង ប៉ូលិសប៉ុស្តិ៏ក្នុងមូលដ្ឋាន។
ភ្លាមនោះសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ហើយហៅជនសង្ស័យ មកសាកសួរ ហើយក៏បានបញ្ជូន មកការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីចាត់ការបន្ត ។ ដំបូងឡើយជនសង្ស័យ បានបដិសេធថា មិនបានធ្វើអ្វីទាំងអស់ គ្រាន់តែឲ្យនាង កោសខ្យល់ ពេលស្រវឹងខ្លាំង។ តែក្រោយមកទើបសារភាពថា ស្រវឹងខ្លាំងពេក ឃើញកូននៅម្នាក់ឯង ទ្រាំមិនបាន ក៏ចាប់សម្រាតខោអាវប៉ងរំលោភ តែមិនបានសម្រេចបំណងទេ៕