ក្រុងប៉ោយប៉ែត ៖
ជនសង្ស័យម្នាក់ និងគូកន ២ នាក់ទៀត ត្រូវបានក្រុមប្រជាការពារភូមិ សហការជាមួយ ប៉ូលិសការពារព្រំដែន លេខ៨៩១ រត់ដេញចាប់បានទាំងយប់ ខណៈដែលជនសង្ស័យ ចូលសម្ងំក្រោមផ្ទះឈើ មានកម្ពស់ ១,៥ ម៉ែត្រ
ត្រូវម្ចាស់ផ្ទះដឹងក៏ស្ទុះក្រោក ហើយស្រែកឲ្យអ្នកជិតខាង ជួយចាប់បានភ្លាមៗ បង្កឲ្យមានការផ្អើល កាលពីវេលាម៉ោង ១និង៣០ នាទីយប់រំលងអាធាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមប្រជាការពារភូមិបានឲ្យដឹងថា អំឡុងពេលល្បាតក្នុងភូមិ ក៏ឃើញម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ ដេញចាប់ជនសង្ស័យ ក៏នាំកម្លាំងជួយដេញចាប់ រហូតចាប់បានតែម្តង រួចនាំយកមកកាន់ស្នាក់ការ ប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូច នគបាលការពារព្រំដែនគោក ៨៩១ ដើម្បីសួរនាំ។ ជនសង្ស័យមានឈ្មោះ លិញ ខេង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអូរស្អំ ឃុំអូរទំព័រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ បើតាមសំដីម្ចាស់ផ្ទះ ឈ្មោះ លិត សាវី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបអ្នករត់កង់បី មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ បានឲ្យដឹងថា មុនដំបូងជនសង្ស័យ បានសម្ងំក្រោមផ្ទះ ហើយពេលម្ចាស់ផ្ទះឃើញ ជនសង្ស័យប្រាប់ថា បងសុំដេកមួយយប់សិន គេឲ្យ ២០០ បាត។
ភ្លាមនោះម្ចាស់ផ្ទះ បានដេញចេញពីក្រោមផ្ទះ និងស្រែកឲ្យអ្នកជិតខាងជួយ តែគ្មានអ្នកណាឮ ទើបជនសង្ស័យរត់គេច កាលពីវេលាម៉ោង ១១និង៤០ នាទីយប់ ហើយម្ចាស់ផ្ទះក៏ចូលដេកវិញ ។ ម្ចាស់ផ្ទះបានបន្តថា រហូតដល់វេលាម៉ោង ១និង៣០ នាទីយប់រំលងអធាត្រ ក៏ឮសូរសម្រិបជើង មនុស្សដើរ ក៏ក្រោកសារជាថ្មី ឃើញជនសង្ស័យដដែល ក៏ស្រែកឲ្យអ្នកជិតខាងជួយ និងនាំគ្នាដេញចាប់ ហើយចៃដន្យមានក្រុមប្រជាការភូមិ ដើរល្បាតក៏ជួយចាប់ យកទៅប្រគល់ឲ្យប៉ូលិសការពារព្រំដែន៨៩១ តែម្តងទៅ។ ពាក់ព័ន្ធបញ្ហានេះ ម្ចាស់ផ្ទះបានបញ្ជាក់ថា ព្រោះតែគាត់មានលុយមួយចំនួន បម្រុងទិញរថយន្ត ក៏មានរឿងរ៉ាវបែបនេះតែម្តងទៅ។
ក្រោយពីបានឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនស្នាក់នៅផ្ទះឈ្មោះ វឿន វី ភេទស្រី អាយុ ៣១ ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុ និងឈ្មោះ នាង ផល្លា ហៅម៉ៅ ភេទប្រុស អាយុ៥១ឆ្នាំ ។ ជនសង្ស័យឈ្មោះ លិញ ខេង បានសារភាពថា យប់កើតហេតុ ខ្លួនកំពុងតែជក់គ្រឿងញៀន ក៏ឮសូថា មានប៉េអឹមចាប់ក៏រត់គេចខ្លួន មកសម្ងំនៅក្រោមផ្ទះគេ ពេលម្ចាស់គេដឹងក៏សុំស្នាក់មួយយប់សិន អោយលុយចំនួន ២០០បាត តែម្ចាស់ដេញមិនឲ្យដេក ក៏ដើរចេញទៅ។
ក្រោយមកជនសង្ស័យ ក៏រត់ទៅហៅឈ្មោះ នាង ផល្លា ហៅ ម៉ៅ ឲ្យមកជួយរកលុយព្រោះលុយបានបាត់ នៅក្រោមផ្ទះនោះ តែដោយឃើញមានមនុស្សច្រើន ក៏រត់គេចហើយត្រូវសមត្ថកិច្ចចាប់បាន។ សមត្ថកិច្ច បានបញ្ជាក់ថា នេះអាចជាករណី ដូចកាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ គឺមានករណីចោរចូលទៅ លួចទ្រព្យសម្បត្តិ និងលុយចំនួន ៣សែន៩ ម៉ឺនបាត ។ ក្រោយពីបានសាកសួរនាំរួច សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យទាំង ៣នាក់ បន្តទៅឲ្យប៉ុស្តិ៍រដ្ឋបាល ប៉ោយប៉ែត ដើម្បីដោះស្រាយបន្ត តាមនីតិវិធីច្បាប់៕ ដោយ ចិន្តា