ខេត្ដកណ្ដាល ៖
បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង នៅតាមបណ្តោយផ្លូវ ក្រាលកៅស៊ូលេខ៣៨០ ក៏ត្រូវរថយន្ដម៉ាក តាកូម៉ា មួយបាំងកន្លះ មួយគ្រឿងបើកបុកយ៉ាងពេញទំហឹង កាលពី
វេលាម៉ោង៣ រសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ ធឿន បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ក្នុងភូមិព្រែកដូន ហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ជាអ្នកបើកបរ ម៉ូតូម៉ាកស៊ុយហ្សុយគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-6721 ។ ចំណែករថយន្តបង្កម៉ាក តាកូម៉ា មួយបាំងកន្លះ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ២ជ-៧៣៤២ អ្នកបើកបរបានរត់គេចខ្លួន បាត់ស្រមោល ដោយបន្សល់ទុកជនរងគ្រោះ ជាអ្នកបើកម៉ូតូដេកស្លាប់ នៅលើផ្លូវយ៉ាងអាណោចអាធ័ម ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង តាមបណ្ដោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីជើងទៅត្បូង ដោយពុំមានពាក់មួកការពារសុវត្ថិភាព ក៏ស្រាប់តែមានរថយន្ដ ម៉ាកតាកូម៉ា បើកក្នុងទិសដៅបញ្ច្រាសគ្នា ជ្រុល ទៅបុកម៉ូតូជនរងគ្រោះ ចំពីមុខយ៉ាងពេញទំហឹង ធ្វើឱ្យជនរងគ្រោះរងរបួស ជាច្រើនកន្លែងរហូតស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង ៕