រាជធានីភ្នំពេញ ៖
កម្មការិនីរោងចក្រម្នាក់ បានឈ្លក់ទឹកស្លាប់ភ្លាមៗ នៅនឹងកន្លែងហើយបុរសម្នាក់ និងនារីម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះដោយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ បន្ទាប់ពីពួកគេបាន
ជិះម៉ូតូ ២គ្រឿង ប្រដេញវាយគ្នាតាមផ្លូវ ហើយម៉ូតូមួយគ្រឿង បានជ្រុលចង្កូតធ្លាក់ចូល ប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង ១២និង២០ នាទីរំលងអធ្រាត ចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅមុខផ្ទះលក់អាគុយរថយន្ត និងម៉ូតូយីហោ ឌួង ចិត្រា ផ្លូវលេខ២៧១ ក្រុម៣៩ ភូមិ១៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះដែលស្លាប់ មានឈ្មោះ ស្រី នាង ហៅម៉ៅ អាយុជាង ២០ឆ្នាំ ជាកម្មការិនី រោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ម្តុំអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានស្លាប់ដោយ ការលង់ទឹកស្អុយ។ ចំណែកអ្នករួមដំណើរ ២នាក់ទៀត ដែលរងរបួសធ្ងន់ ទី១-ឈ្មោះ រិន ចំប៉ី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ម្តុំអូរបែកក្អមដូចគ្នា។ ទី២-ឈ្មោះ សេង សុភ័ក្ក្រ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៦ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកបើកបរម៉ូតូ។
ចំណែកក្រុមជនទំនើង ដែលដេញវាយជនរងគ្រោះ មានគ្នា ២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់ស្រមោល។ មុនពេលកើតហេតុ ឈ្មោះ សេង សុភ័ក្ក្រ បានបើកបរម៉ូតូម៉ាក ស៊ុយហ្ស៊ុយគី ស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AB-2577 ឌុបនារីរងគ្រោះទាំង ២នាក់ តាមផ្លូវ២៧១ ក្នុងទិសដៅពីត្បួងមកជើង ក្នុងល្បឿនមួយលឿន ជាមួយនឹងការដេញវាយ ពីក្រុមក្មេងស្ទាវ២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ។
លុះដល់ចំណុចកើតហេតុ ជាផ្លូវកោង ជនរងគ្រោះបត់ម៉ូតូមិនទាន់ ក៏បានជ្រុលចង្កូតធ្លាក់ចូល ប្រឡោះផ្ទះប្រជាពលរដ្ឋ ដែលនៅខាងក្រោមផ្ទះ សុទ្ធតែទឹកស្អុយ និងសំរាមបណ្តាលឲ្យនារីម្នាក់ កប់ក្នុងសំរាមស្លាប់ភ្លាមៗ និង ២នាក់ ទៀតរបួសធ្ងន់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរថយន្ត ដឹកសពទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីស្វែងរកក្រុមគ្រួសារ ចំណែកម៉ូតូ ត្រូវបានប៉ូលិសយកទៅរក្សាទុក នៅខណ្ឌទួលគោក ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវ តាមរកក្រុមជនបង្ក ដើម្បីចាត់ការតាមនីតិវិធី៕