ខេត្តបាត់ដំបង ៖
ទារកម្នាក់ដែលទើបតែឃើញពន្លឺថ្ងៃ មិនទាន់បានកាត់ទងផ្ចិតផងនោះ ត្រូវបានម្តាយចិត្តអប្រិយ យកទៅប្លុងចោល ក្នុងរបងផ្ទះរបស់អ្នកស្រុក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់
ចំណុចភូមិវត្តតាបិច ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បន្ទាប់ពីឮសំឡេងស្រែកល្វើយៗ នៅក្នុងថង់ផ្លាស្ទិច ដែលដាក់ធ្វើជាកម្រាលប៉ុណ្ណោះ។
ប្រជាពលរដ្ឋ បាននិយាយថា នៅវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ពួកគាត់បានឮសំឡេងទារកយំល្វើយៗ ដោយដំបូងគិតថា អាចជាខ្មោចលង ប៉ុន្តែជាងមួយម៉ោងក្រោយមក សំឡេងយំនៅតែឮដដែល ដោយគ្រាន់តែខ្សោយជាងមុន ទើបពួកគាត់សម្រេចចិត្តបើកទ្វារ ចេញទៅរកមើល ក៏ស្រាប់តែប្រទះឃើញ ទារកដែលដិតដាម ដោយលោហិត នៅជាប់នឹងទងផ្ចិត ត្រូវបានគេដាក់នៅលើថង់ផ្លាស្ទីក ទុកចោលនៅក្នុងរបងផ្ទះ។ ទារកនេះមានសម្បុរ សណ្តែកបាយ ហើយមានទម្ងន់ជិត ៣គីឡូផង ទើបពួកគាត់ស្ទុះទៅបីត្រកង ដោយក្តីអាណិតអាសូរ។
នេះអាចចាត់ទុកជាសំណាងហើយ ដែលទារកមិនទាន់មានស្រមោចរោម ហើយនៅក្នុងផ្ទះនោះ គ្មានចិញ្ចើមឆ្កែ បើមិនដូច្នេះទេ ប្រហែលជាឆ្កែ ខាំហែកជាចំណីជាមិនខាន។ ប្រជាពលរដ្ឋដែលមានក្តីអាណិត ស្រឡាញ់ទារកនោះ ដោយចង់ទុកចិញ្ចឹមបិបាច់ បាននាំទារកដ៏កម្សត់ ទៅរកគ្រូពេទ្យ ដើម្បីចងទងផ្ចិត ឲ្យបានត្រឹមត្រូវ ជៀសវាងនូវគ្រោះថ្នាក់ ណាមួយដែលអាចកើតមានជាយថាហេតុ៕