ភ្នំពេញ ៖ ចោរប្រុសស្រី២នាក់ត្រូវបានសន្តិសុខមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រឃាត់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ភ្លាមៗ បន្ទាប់ពីជនរងគ្រោះស្រែកថាចោរលួចទូរស័ព្ទពេលកំពុង មើលការតាំងពិព័រណ៍ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ឋិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភួង វិសាល ភេទប្រុស អាយុ២២ជាជាងកាត់សក់នៅផ្សារសូរិយា ស្នាក់នៅម្តុំផ្សារដេប៉ូ ខណ្ឌ៧មករា និងឈ្មោះ ឌុយ ចាន់ទី ភេទស្រី អាយុ១៧ឆ្នាំ បុគ្គលិកក្លិបខារ៉ាអូ អេវ័ន ស្នាក់នៅម្តុំផ្សារដីហុយ ។ ចំណែកជនរងគ្រោះមានឈ្មោះ ថាក់គ្រីត ភេទប្រុស អាយុ៣៨ឆ្នាំ ជាពាណិជ្ជករជនជាតិថៃមកតាំងពិព័រណ៍នៅកោះពេជ្រ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ឌី ចាន់ទី បានទៅលេងនៅកោះពេជ្រដោយចូលក្នុងសាលតាំងពិព័រណ៍ ពេលនោះ ឃើញទូរស័ព្ទជនរងគ្រោះដាក់ក្នុងស្រោមសៀតចង្កេះ ក៏លួចយក ពេលនោះជនរងគ្រោះឃើញទាន់ ក៏ស្រែកបង្កការភ្ញាក់ផ្អើល ហើយត្រូវសន្តិសុខយាមនៅទីនោះព័ទ្ធចាប់ឃាត់ខ្លួនបានភ្លាមៗ រួចហើយក៏ឈានទៅឃាត់ខ្លួនបានបុរសម្នាក់ទៀត ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឌី ចាន់ទី បានឆ្លើយបដិសេធថា ទូរស័ព្ទនោះខ្លួនមិនបានលួចទេ គឺឃើញជ្រុះបម្រុងរើសឲ្យ តែត្រូវម្ចាស់ទូរស័ព្ទស្រែកថាជាចោរទៅវិញ ។ ចំណែក ឈ្មោះ វិសាល ដែលសង្ស័យថាជាបក្ខពួកឈ្មោះ ឌី ចាន់ទី បានប្រាប់សមត្ថកិច្ចថា ខ្លួនមិនបានដឹងរឿងអ្វីទេ គឺជាការចោទប្រកាន់ពីអ្នកជិតខាងទេ ហើយរូបគេនិងឈ្មោះ ឌី ចាន់ទី មិនដែលស្គាល់គ្នាឡើយ ។