ភ្នំពេញ៖ ការតម្លើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ ត្រូវបានរាជរដ្ឋាភិបាល សម្រេចជាផ្លូវការរួចហើយ។ គឺតម្លើងទាបបំផុតដល់ ១០០ ដុល្លារ ហើយចាប់អនុវត្តពីថ្ងៃទី១កុម្ភៈឆ្នាំ២០១៤ តទៅ។ នេះបើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរង នៃគណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា របស់ក្រសួងការងារ បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីសម្រេចតម្លើងប្រាក់ឈ្នួអប្បបរមា ដល់កម្មករនិយោជិត ឡើងដល់ ១០០ ដុល្លារ ហើយត្រូវអនុវត្តនៅខែកុម្ភៈនេះ។ ដូច្នេះ នៅចុងខែកុម្ភៈ ឬក៏នៅដើមខែមីនា នឹងបើកប្រាក់ឈ្នួល ទើបតែតម្លើងថ្មីនេះហើយ។
លោក វង្ស សុវណ្ណ បានបញ្ជាក់ថា សេចក្តីសម្រេចតម្លើងប្រាក់ខែកម្មករនេះ ត្រូវបានទទួលយកមកអនុវត្ត ទាំងភាគីនិយោជិតកម្មករ និងភាគីនិយោជក ថៅកែ។ ក្នុងនោះ ក៏មានការជំទាស់ពីសហជីពកម្មករមួយចំនួន តែក៏មានសហជីពភាគច្រើន និងខាងនិយោជក បានទទួលយកការសម្រេចរបស់រាជរដ្ឋាភិបាល មកអនុវត្តហើយ។
ជាមួយគ្នានោះ លោក វង្ស សុវណ្ណ ក៏បានបន្តថា ខាងរាជរដ្ឋាភិបាល ដែលបានបង្កើតគណៈកម្មការដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ក៏បានបន្តការសិក្សាស្រាវជ្រាវជាជំហានៗ លើប្រាក់ឈ្នួលកម្មករ។ តែលោកមិនដឹងថា ត្រូវជួបប្រជុំតម្លើងប្រាក់ខែកម្មករជាថ្មី នៅពេលណាទេ។
ដោយឡែកសម្រាប់ករណីបាតុករទាំង ២៣ នាក់ ដែលត្រូវចាប់ឃុំខ្លួននោះ គឺលោក វង្ស សុវណ្ណ បានចាត់ទុកថា ជាសមត្ថកិច្ចរបស់តុលាការ ដែលមានឆន្ទានុសិទ្ធិ ថាត្រូវដោះលែង ឬក៏បន្តឃុំឃាំងជនសង្ស័យទាំងនោះ។
អត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលខាងលើនេះ បានធ្វើឡើង ខណៈដែលសហជីពកម្មករ និងសមាគម ចំនួន ១១ ស្ថាប័ន បានជួបប្រជុំគ្នា កាលពីព្រឹកថ្ងៃទី៦កុម្ភៈ។ ជាកិច្ចប្រជុំ ដែលលោករ៉ុងឈុន បានអះអាងថា ដើម្បីពិភាក្សាលើបញ្ហាប្រាក់ឈ្នួលកម្មកររោងចក្រ និងគម្រោងធ្វើកូដកម្មតវ៉ាឡើងប្រាក់ខែកម្មករជាលើកទី២។
លោក រ៉ុងឈុន បានលើកឡើងថា សហជីព សម្រេចថា រង់ចាំមើលសវនាការ នៅថ្ងៃទី១១កុម្ភៈ ដែលតុលាការសាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំ របស់ក្រុមកម្មករ មេដឹកនាំសហជីព និងសកម្មជនសិទ្ធិមនុស្ស ទាំង ២៣ រូប។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ថា កិច្ចប្រជុំរវាងមេដឹកនាំសហជីពកម្មករ និងសមាគមទាំង ១១ ស្ថាប័ន បានព្រមព្រៀងគ្នា ១១ ចំណុច រួមមាន៖ ទាមទារឲ្យដោះលែងបាតុករ ទាំង ២៣ នាក់ ដែលត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី២ និងថ្ងៃទី៣មករា ទាមទារឡើងប្រាក់ខែកម្មករ ឲ្យបានដល់ ១៦០ ដុល្លារ និងទាមទារឲ្យចាប់ជនដៃដល់មកផ្តន្ទាទោស និងផ្តល់សំណងដល់ជនរងគ្រោះ ពីការបង្ក្រាបបាតុកម្មដោយហិង្សា ជាដើម។
ប៉ុន្តែសហជីពកម្មករ និងសមាគមទាំង ១១ នោះ មិនទាន់កំណត់ថ្ងៃធ្វើកូដកម្ម ទាមទារឡើងប្រាក់ខែកម្មករ ជាលើកទី២ នៅឡើយទេ៕