ខេត្ដប៉ៃលិន ៖
សមត្ថកិច្ចនគរបាល បានចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រើអំពើហិង្សាយកពូថៅ កាប់ទៅលើប្រពន្ធ ចំក្បាលមួយពូថៅ បណ្ដាលឱ្យរងរបួសធ្ងន់ ព្រោះតែភ្លើងប្រចណ្ឌ កាលពីវេលាម៉ោង ៤និង១៥ នាទីរសៀលថ្ងៃទី១៧
ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងផ្ទះជនដៃដល់ ស្ថិតក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ហើយស្ដ្រីរងគ្រោះត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។
ជនសង្ស័យជាប្ដី មានឈ្មោះ ជូ សារី អាយុ ៤៩ឆ្នាំ ជាជាងសំណង់ ។ ចំណែកស្ដ្រីរងគ្រោះ ជាប្រពន្ធមានឈ្មោះ មាស ស្រីមុំ អាយុ ៣២ឆ្នាំ មុខរបរលក់អាវជជុះ មានទីលំនៅចំណុចកើតហេតុខាងលើ ត្រូវប្ដីកាប់ចំក្បាល ពីក្រោយមួយពូថៅ បណ្ដាលឱ្យរងរបួសធ្ងន់ ហើយ ប្តីប្រពន្ធ ២នាក់នេះ បានរៀបការជាមួយគ្នាជាង ១៤ឆ្នាំមកហើយ មានកូន ២នាក់។
មូលហេតុដែលប្ដី យកពូថៅកាប់ប្រពន្ធ ដោយសារតែភ្លើងប្រចណ្ឌ ព្រោះនៅមុនពេលកើតហេតុ ប្ដីរបស់នាង តែងតែរករឿងវាយដំប្រពន្ធ និងរស់នៅ មិនសូវចុះសម្រុងគ្នា ។ រហូតដល់ប្រពន្ធ ប្ដឹងមេភូមិសុំលែងលះគ្នា អស់រយៈពេល ៤ខែមកហើយ មិនបាននៅជាមួយគ្នាទេ ។ ពេលថ្មីៗនេះ ប្ដីរបស់ស្ដ្រីរងគ្រោះ បានត្រឡប់ចូលផ្ទះ ក៏ត្រូវគ្នាវិញ ស្រាប់តែមិនបានប៉ុន្មានផង បុរសជាប្ដីក៏យកពូថៅ កាប់ប្រពន្ធតែម្ដង ។
ម្ដាយស្ដ្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កូនស្រីបានដើរមកផ្ទះរបស់គាត់ ដែលនៅទល់មុខគ្នា ចម្ងាយ ២០ម៉ែត្រ ។ ពេលកូនគាត់ដើរមកដល់ក្រោមផ្ទះ ស្រាប់តែប្ដីរបស់នាង ដើរមកតាមពីក្រោយ ទាញពូថៅពីចង្កេះ កាប់កូនស្រីគាត់ ចំក្បាលពីក្រោយ បណ្ដាលឱ្យដួលសន្លប់ នៅនឹងកន្លែងតែម្ដង ។ ពេលឃើញដូចនោះ គាត់ក៏ស្ទុះទៅចាប់ ហើយស្រែកឱ្យគេឯងជួយ ហើយបុរសជាប្ដី បានរត់ឡើងទៅលើផ្ទះ តែត្រូវនគរបាលឃាត់ខ្លួន ភ្លាមៗតែម្តង៕