ខេត្តកំពង់ចាម ៖
សឹងរាប់ភ្លេចទៅហើយ ដែលអគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យមន្ត្រីនគរបាល គ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់អនុវត្តន៍ ទៅតាមបទបញ្ជារបស់ថ្នាក់លើ ក្នុងការទប់ស្កាត់និងបង្ក្រាប បទល្មើសគ្រប់ប្រភេទ ឲ្យស្រប
ទៅតាមការកែទម្រង់ស៊ីជម្រៅ ជាពិសេសសមត្ថកិច្ច ប្រដាប់អាវុធទាំងអស់ ត្រូវបញ្ឈប់ការរកស៊ី ដឹកជញ្ជូនទំនិញគេចពន្ធឬការរកស៊ីឈើខុសច្បាប់ ប៉ុន្តែសម្រាប់លោក ធៀម ដែន ហៅតក់ ក្នុងតួនាទីជាមេប៉ូលិសប្រចាំច្រកបឹងជ្រោង ស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម មិនដែលឈឺក្បាលវិលមុខ ពីបទបញ្ជារបស់ថ្នាក់លើម្តងណាឡើយ គឺសកម្មបំផុតក្នុងការ កាងឬរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ គ្មានក្រែងញញើតពីច្បាប់ទម្លាប់ សូម្បីតែបន្តិច។
ប្រជាពលរដ្ឋបានអះអាងថា យ៉ាងហោចណាស់លោក ធៀម ដែន ហៅតក់ មានឃ្លាំងស្តុកឈើធំៗចំនួន ២កន្លែង ដែលប្រមូលទិញ ឬដឹកជញ្ជូនមកពីគ្រប់ទិសទី គឺឃ្លាំងទី១-ស្ថិតនៅមុខស្នាក់ការសន្តិសុខ ៧០២ ចម្ងាយប្រមាណ ៦០០ម៉ែត្រ នៅកណ្តាលចំការដំឡូង ក្នុងភូមិសង្គម ឃុំទន្លូង និងឃ្លាំងទី២-ស្ថិតនៅក្នុងចំការម្រេច ក្នុងភូមិជ្រៃឡើង ឃុំជ្រៃវៀន ស្រុកមេមត់។ បើទោះបីជាលោក ធៀម ដែន ហៅតក់ មិនបានចេញមុខ ក្នុងការរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់ក៏ដោយ ប៉ុន្តែគាត់បានចាត់តាំង មេការដ៏មានអំណាចម្នាក់ឈ្មោះ កែវ ឲ្យមើលការខុសត្រូវជំនួស ក្នុងការពិនិត្យមើល សកម្មភាពដឹកជញ្ជូនឈើ ចូលឃ្លាំងនិងការបញ្ចេញឈើ ទៅស្រុកយួនតាមច្រកបឹងជ្រោង ទីដែលលោក ធៀម ដែន ហៅតក់ មានមុខគ្រប់គ្រងនៅច្រកនេះ ឡើងដុះស្លែទៅហើយ គ្មាននរណាហ៊ានក្អកជាមួយទេ។
ឃ្លាំងស្តុកឈើរបស់លោក ធៀម ដែន ហៅតក់ មានរថយន្តទួរីស សាំយ៉ុង កាមរីហើមប្រមាណ ៦ទៅ៧គ្រឿង ដឹកឈើមកពីគ្រប់កន្លែង យកទៅទម្លាក់ក្នុងឃ្លាំងទាំងនេះ នៅពេលថ្ងៃ ហើយនៅពេលយប់ឈ្មោះ កែវ ដែលជាមេការ ក៏បានរៀបចំបញ្ជូនឈើប្រណីតចេញពីឃ្លាំង ដឹកតាមរថយន្តកែច្នៃធំៗ ចូលទៅស្រុកយួន តាមច្រកបឹងជ្រោង យ៉ាងអនាធិបតេយ្យ បើនិយាយពីមន្ត្រីជំនាញ និងសមត្ថកិច្ចដទៃទៀតវិញ មិនដែលហ៊ានហើបមាត់ទេ ក៏ព្រោះតែពួកគេមិនចង់ ប៉ះទង្គិចជាមួយលោក ធៀម ដែន ហៅតក់ ក៏ចេះតែបិទភ្នែកយោគយល់ ក្នុងនាមជាសមត្ថកិច្ច ប្រដាប់អាវុធដូចគ្នា។ បើនិយាយពីជំនាញរដ្ឋបាលព្រៃឈើវិញ ក៏លោក ធៀម ដែន ហៅតក់បានផ្តល់ផលប្រយោជន៍ ជាប់ជាប្រចាំទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ មិនដែលមានឧបសគ្គ។
មានការកត់សម្គាល់ផងដែរថា ស្នងការនគរបាលខេត្តកំពង់ចាម ប៉ុន្មានជំនាន់មកហើយ រហូតដល់ពេលដែលលោក ប៉ែន រ័ត្ន ឡើងធ្វើជាស្នងការ ខេត្តកំពង់ចាម ចេះតែមានការយោគយល់ ទុកឲ្យលោក ធៀម ដែន ហៅតក់ ដឹកនាំការងារ តាមរបៀបជិះសេះលែងដៃ ឬប្រើស្បែកជានគរបាល ទៅពាក់ព័ន្ធជាមួយជំនួញឈើខុសច្បាប់ ផ្ទុយពីសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ។ គេមិនដែលឃើញថ្នាក់លើ កោះហៅលោក ធៀម ដែន ហៅតក់ ទៅសួរនាំពីភាពអសកម្ម ឬការពាក់ព័ន្ធជាមួយ ជំនួញឈើខុសច្បាប់ម្តងណាឡើយ មិនដឹងជាមានអាថ៌កំបាំងអ្វីទេ ទើបលោក ធៀម ដែន ហៅតក់ ចេះតែមានឱកាសក្រអឺតក្រទម បង្កព្យុះភ្លៀងតាមតែទំនើងចិត្ត។
អាចបញ្ជាក់បានថា លោក ធៀម ដែន ហៅតក់ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ដោយខ្លួនឯងផង និងជួយរត់ការ ឲ្យក្រុមឈ្មួញផង មិនដឹងជាយកប្រាក់ ទៅណាអស់ទេ ហើយក្នុងតំណែង ជាមេប៉ុស្តិ៍នគរបាល ប្រចាំច្រកបឹងជ្រោង លោក ធៀម ដែន ហៅតក់ មានការផ្លាស់ប្តូរជីវភាពថ្មី យ៉ាងឆាប់រហ័ស កើតឡើងដោយសារ ការពាក់ព័ន្ធជាមួយ ជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ដែលទាមទារឲ្យ អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលភាពអសកម្មរបស់លោក ធៀម ដែន ហៅតក់ ឡើងវិញជាបន្ទាន់ ព្រោះអ្វីដែលលោក ធៀម ដែន ហៅតក់ បានប្រព្រឹត្តជះឥទ្ធិពលមិនល្អ ដល់ថ្នាក់លើ ជាពិសេសភាពអសកម្មទាំងនេះផ្ទុយពីគោលការណ៍ កែទម្រង់ស៊ីជម្រៅ ដល់ទៅ ១៨០អង្សារឯណោះ៕