ខេត្តតាកែវ ៖
សមត្ថកិច្ចបានឃាត់ខ្លួន សិស្សសាលាចំនួន ៥នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីសិស្សសាលា ២ ក្រុម បានវាយកាប់ចាក់គ្នា បណ្តាលឲ្យសិស្សម្នាក់ស្លាប់ ព្រោះតែរឿងកាងស្រី
កំណាន់ចិត្ត ជាសិស្សសាលាដូចគ្នា នៅវិទ្យាល័យ ក្រាំងស្លា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយនេះជាករណីដ៏កម្រមួយ បង្កឲ្យមានសោកនាដកម្ម យ៉ាងធំធេង។
ជនរងគ្រោះមានឈ្មោះ សុង សីហា ភេទប្រុស អាយុ ១៧ឆ្នាំ រៀនថ្នាក់ទី១០ នៅវិទ្យាល័យក្រាំងស្លា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកជនសង្ស័យ ៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ១-ឈ្មោះ នាង សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ជាជនដៃដល់ មានទីលំនៅភូមិ-ឃុំចារ, ២-ឈ្មោះ សាន រស្មី អាយុ ១៦ឆ្នាំ ជាបក្ខពួក, ៣-ឈ្មោះ នួន ចាន់ទិត្យ អាយុ ១៦ឆ្នាំ, ៤-ឈ្មោះ សេន វណ្ណា អាយុ ១៦ឆ្នាំ និង៥-ឈ្មោះ ប៉ៅ កែវ អាយុ ១៦ឆ្នាំ អ្នកទាំង ៤ រស់នៅភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស រៀនថ្នាក់ទី៩ វិទ្យាល័យក្រាំងស្លាដូចគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ បក្ខពួកជនរងគ្រោះមានគ្នាន ៥-៦ នាក់ បានស្ទាក់សិស្សសាលាស្រីៗ ដែលចេញពីរៀនគួរ ជិះកង់កាត់ចំណុច កើតហេតុខាងលើ ។ ពេលនោះពួកគេបានប្រើពាក្យឌឺដង ស្នេហាឡេបខាយ ដាក់សិស្សស្រីៗទាំងនោះ តែពួកគេមិនបានធ្វើអ្វី ក្រៅពីឡេបខាយទេ ។ លុះពេលស្រីៗ បានជិះកង់មកដល់ផ្ទះ ក៏ប្រាប់បក្ខពួកដែលជា ជនសង្ស័យ ខាងលើថាក្រុមសិស្សិឈ្មោះ សុង សីហា បានរករឿង និងប្រើពាក្យស្នេហា ដាក់ពូកគេ ទើបធ្វើឲ្យជនសង្ស័យខឹង នាំបក្ខពូក ៥នាក់ ទៅដល់កន្លែងកើតហេតុ ប្រដប់ដោយពូថៅ និងកាំបិតផងដែរ ។
សមត្ថកិច្ចបានបន្តថា ក្រុមជនដៃដល់ និងជនសង្ស័យ បានបើកការប្រយុទ្ធគ្នា ដូចជារឿងចិនហុងកុង ។ ពេលនោះជនរងគ្រោះ ឈ្មោះ សុង សីហា បានយកកាំបិត កាប់ទៅលើជនដៃដល់ឈ្មោះ នាង សារ៉ាត់ តែត្រូវជនដៃដល់គេចផុត ក៏ប្រើកាំបិតចាក់ ចំពោះខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ ក្រោយពេលដឹកដល់មន្ទីរពេទ្យ ។ ក្រោយបង្កហេតុ សមត្ថកិច្ចជំនាញ ស្រុកព្រៃកប្បាស បានឃាត់ខ្លួនជនដៃដល់ និងបក្ខពួកទាំង ៥នាក់ បញ្ជូនទៅស្នងការដ្ឋាន ននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ ៕