ក្រោយបែកធ្លាយព័ត៌មានជុំវិញចារកម្មអាមេរិកលួចស្ដាប់ការសន្ទនារបស់បណ្ដាមេដឹកនាំនៅលើពិភពលោក ពិសេសតំបន់អឺរ៉ុបមិនទាន់ស្ងប់ស្ងាត់ ផង រឿងដ៏ចម្រូងចម្រាសរបស់អាមេរិក បានលាតសន្ធឹងមកដល់អាស៊ី ហើយធ្វើ ឱ្យបណ្ដាមេដឹកនាំជាច្រើនក្នុងតំបន់ស្នើឱ្យអាមេរិក ផ្ដល់ចម្លើយ ថាប្រទេស ខ្លួនស្ថិតក្នុងបញ្ចីស៊ើបអង្គេតរបស់អាមេរិកដែរឬទេ ?
ពេលកន្លងមកថ្មីៗ រដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ីបានកោះហៅឯកអគ្គរដ្ឋ ទូតអូស្ដ្រាលីប្រចាំ ទីក្រុងហ្សាការតា ឱ្យចូលជួប បន្ទាប់ពីមានសារព័ត៌មាន អូស្ដ្រាលីចុះផ្សាយថា ស្ថានទូតអូស្ដ្រាលី នៅអាស៊ីត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិកប្រើប្រាស់ ដើម្បីលួច យកព័ត៌មាននិងទិន្នន័យដែលធ្វើឡើង តាមអ៊ីនធើណេត ។
តាមកាសែតអូស្ដ្រាលីនិងអាល្លឺម៉ង់ ដែលបានដកស្រង់ព័ត៌មានពីឯកសារ សម្ងាត់ដែលយុវជន Snowden លួច យកបានពីទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក ស្ថានទូត និងកុងស៊ុល នៅក្នុង ប្រទេសប្រមាណ៨០ត្រូវបានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ អាមេរិកបំពាក់ ឧបករណ៍ដើម្បីលួចយកព័ត៌មានពីអ្នក ដែលបានចូលទៅប្រើ អ៊ីនធើណេត និង និយាយទូរស័ព្ទនៅក្នុងស្ថានទូត ។
នៅអាស៊ីប្រទេសដែលជាប់ពាក់ព័ន្ធរងគ្រោះដោយសារការលួចយកការណ៍សម្ងាត់របស់អាមេរិកមានដូចជាឥណ្ឌូនេស៊ី ចិន ថៃ វៀតណាម ម៉ាឡេស៊ី ជាដើម។ ឥណ្ឌូនេស៊ីតាមរយៈរដ្ឋមន្ដ្រី ការបរទេស បានជំទាស់នឹងសកម្មភាព លួចយកការណ៍របស់អាមេរិក និងទាម ទារឱ្យមានការឆ្លើយបំភ្លឺពីអាមេរិក។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនក៏ទាមទារដូចគ្នាដែរ ។ លើសពីនោះ ទីក្រុងប៉េកាំងបានអំពាវនាវដល់មន្ដ្រីទូតបរទេសនៅប៉េកាំងគោរពអនុសញ្ញា អន្ដរជាតិ និងឈប់ធ្វើសកម្មភាពដែល គំរាមកំហែងដល់សន្ដិសុខនិងប្រយោជន៍ របស់ចិន។
ប្រតិបត្ដិការលួចយកព័ត៌មាននិង ទិន្នន័យនៅតាមស្ថានទូតអូស្ដ្រាលី នៅ អាស៊ី ធ្វើឡើងក្នុងក្របខ័ណ្ឌសហប្រតិ បត្ដិការរវាងទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់៥ប្រទេស ដែលមានអាមេរិក កាណាដា អូស្ដ្រាលី នូវែលហ្សេឡង់ និងអង់គ្លេស។ ដូច្នេះមិនមែនមាន ន័យថា អូស្ដ្រាលីលួចយកការណ៍សម្ងាត់ ទៅផ្ដល់ឱ្យតែអាមេរិកប៉ុណ្ណោះទេ។ ព័ត៌មានដែលលួចយកបានពីស្ថានទូត ត្រូវបានប្រទេសទាំង៥យកទៅចែក ប្រើប្រាស់ដើម្បីប្រយោជន៍រៀងៗខ្លួន ។
សម្រាប់អាមេរិកចារកិច្ចនៅឥណ្ឌូនេស៊ីសំខាន់ ព្រោះអាមេរិកចង់តាម ដានសកម្មភាពរបស់ក្រុមជនអ៊ិណស្លាម ជ្រុលនិយម នៅឥណ្ឌូនេស៊ី ដែលមានទំនាក់ទំនងជាមួយបណ្ដាញអាល់កៃដា ដែលជាសត្រូវរបស់អាមេរិក ។
កាលពីពេលកន្លងមក ការលួចស្ដាប់ យកការណ៍សម្ងាត់បានបង្កឱ្យមានការ មិនសប្បាយចិត្ដរបស់មេដឹកនាំនៅអឺរ៉ុប ជាពិសេសលោកស្រី អេងហ្គេឡា ម៉ាក់កែល ដែលទូរស័ព្ទរបស់លោកស្រីត្រូវ បានភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិកលួចស្ដាប់។ ប្រទេសនៅអឺរ៉ុប ដឹងពីសកម្មភាពលួចយកការណ៍សម្ងាត់កន្លងមករបស់អាមេរិកទេ។ អឺរ៉ុបនិងអាមេរិកដែលជាសម្ពន្ធមិត្ដនឹងគ្នា នៅក្នុងអង្គការអូតង់តែងតែផ្លាស់ប្ដូរព័ត៌មាន គ្នាទៅវិញទៅមក ក្នុងវិស័យប្រយុទ្ធ ប្រឆាំងអំពើភេរវកម្ម និងយុទ្ធសាស្ដ្រ យោធាអន្ដរជាតិ។ ប៉ុន្ដែរឿងចូលលួច ស្ដាប់និងមើលទិន្នន័យរបស់មេដឹកនាំគឺជារឿងមួយដែលមិនអាចទទួលយកបាន។ នេះបើតាមភាគីរងគ្រោះដូចជា នាយក រដ្ឋមន្ដ្រីអាល្លឺម៉ង់និងប្រេស៊ីល។
កាលពីពេលថ្មីៗកន្លងមកនេះ លោក James Clapper នាយកផ្នែកចារកិច្ច (Director of National Intelligence) ដែលគ្រប់គ្រងទីភ្នាក់ងារចារកិច្ចទាំង១៦របស់អាមេរិក ក្នុងនោះ CIA និង NSA ផង បានថ្លែងថា តាំងពីយូរមកហើយ ដែលទីភ្នាក់ងារចារកិច្ចអាមេរិកលួច ស្ដាប់មេដឹកនាំបរទេស គឺដើម្បីឈ្វេង យល់អំពីចេតនានិងនយោបាយរបស់មេដឹកនាំទាំងនោះ។ វាជារឿងធម្មតាដែល ប្រទេសនីមួយៗតែងតែលួចយកការណ៍សម្ងាត់ពីគ្នាទៅវិញ ទៅមក។ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនជំនួញរបស់អាមេរិកផ្ទាល់ក៏ធ្លាប់រងគ្រោះដោយសារចោរលួច ព័ត៌មានវិទ្យាពីប្រទេសចិន។
នាពេលកន្លងមកនេះ លោកប្រមុខ ការបរទេសអាមេរិក John Kerry ក៏ បានចេញមុខការពារជាថ្មីសារប្រយោជន៍ នៃប្រតិបត្ដិការលួចស្ដាប់របស់ទីភ្នាក់ងារ សន្ដិសុខជាតិអាមេរិក។ សកម្មភាពលួច ស្ដាប់និងចូលមើលតាមអ៊ីនធើណេត របស់ប្រជាជននៅបរទេស បានជួយធ្វើ ឱ្យអាមេរិកអាចដឹងមុននិងបំផ្លាញចោល គម្រោងធ្វើភេរវកម្មកន្លងមក ដែលប្រជាជនអាមេរិក និងប្រទេសផ្សេងទៀត ត្រូវរងគ្រោះ។ ប៉ុន្ដែយ៉ាងណាក៏ដោយ ចាប់តាំងពីមានសង្គ្រាមប៉ាកា និងបែករឿងអាស្រូវទាក់ទងនឹងការលួចស្ដាប់ យកការណ៍របស់អាមេរិកនៅអឺរ៉ុបនេះ ជាលើកទីមួយ ដែលប្រមុខការបរទេស អាមេរិកទទួលស្គាល់ថា សកម្មភាពលួចយកការណ៍របស់អាមេរិក នៅពេលខ្លះ ត្រូវបានធ្វើជ្រុលហួសដែនកំណត់និងមិនសមរម្យ ។
រដ្ឋមន្ដ្រីការបរទេសដែលទំនងចង់ បញ្ចុះបញ្ចូលនិងបន្ទន់ចិត្ដរបស់អឺរ៉ុបជា ដៃគូបានអះអាងថា រដ្ឋាភិបាលរបស់ លោកអូបាម៉ានឹងពិនិត្យមើលឡើងវិញ នយោបាយយកការណ៍សម្ងាត់ ដើម្បីធ្វើ យ៉ាងណាកុំឱ្យអ្នកណាម្នាក់មានអារម្មណ៍ថា ខ្លួនត្រូវអាមេរិកបោកប្រាស់ ។
កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីអាមេរិកផ្ទាល់ទើបតែបញ្ជាឱ្យគេឈប់លួចស្ដាប់យកការណ៍សម្ងាត់ពី ស្ថាប័ន២ គឺមូលនិធិរូបិយវត្ថុ និងធនាគារពិភពលោក ដែលកន្លងមកស្ថិតនៅ ក្រោមការតាមដានរបស់ទីភ្នាក់ងារ NSA ។
Snowden បានធ្វើឱ្យអាមេរិកបាត់ មុខមាត់ ដោយសារឯកសារស៊ើបការណ៍ សម្ងាត់ តាមផ្លូវច្បាប់អាមេរិកនៅ មិនទាន់បានទទួលការដាក់ពិន័យ ដោយ សារតែគ្មានប្រទេសណាមួយបានប្ដឹងអាមេរិកឱ្យចំៗពីរឿងស៊ើបការណ៍សម្ងាត់ លើជីវិតឯកជន។ គ្មានអ្នកប្ដឹង ព្រោះ អ្នកដែលរងគ្រោះ និងត្រូវប្ដឹងនោះ តាម ពិតក៏ធ្វើរឿងស្រដៀងនឹងអាមេរិកដែរ គឺលួចយកការណ៍ពីអ្នកដទៃដែរ។ ប៉ុន្ដែ បើទោះបីជាគ្មានអ្នកប្ដឹងអាមេរិកក៏ អាចរងគ្រោះក្នុងនយោបាយការទូត គឺអាមេរិកអាចនឹងត្រូវបាត់បង់ការជឿ ទុកចិត្ដពីប្រទេសដៃគូ។ ជាក់ស្ដែងទំនាក់ ទំនងមិនសូវល្អូកល្អិនរបស់អាល្លឺម៉ង់ និងប្រេស៊ីល ជាមួយអាមេរិកកន្លងមក នឹងរឹតតែតឹង ឬអាចប្រែក្លាយទៅជា ល្អក់កករ បន្ទាប់ពីប្រទេសទាំង២បានដឹង ដោយសារប្រព័ន្ធផ្សព្វផ្សាយថា មេដឹក នាំរបស់ពួកគេត្រូវអាមេរិកលួចស្ដាប់យកការណ៍សម្ងាត់ ។ មានផលប៉ះពាល់ មួយទៀតទៅលើផ្នែកសេដ្ឋកិច្ច។ ដោយ សារបែកធ្លាយថា ភ្នាក់ងារស៊ើបការណ៍ អាមេរិកលួចចូលយកទិន្នន័យពីក្រុមហ៊ុន អាមេរិក ដូចជា Yahoo Google ឬ Facebook ជាដើម ក្រុមហ៊ុនអឺរ៉ុប និង ប្រេស៊ីលកាន់តែច្រើនលែងចង់ផ្ដល់ទិន្នន័យឱ្យក្រុមហ៊ុនអាមេរិកគ្រប់គ្រង ៕