ភ្នំពេញ ៖ បុរសម្នាក់បានចេញពីធ្វើការសំណង់វិញ មកដល់ផ្ទះមុជទឹកហូបបាយ រួចហើយចូលទៅក្នុងបន្ទប់ដេក ស្រាប់តែគាំងបេះដូងស្លាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រពន្ធកូន និងប្រជាពលរដ្ឋដែលរស់នៅជិតខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងបន្ទប់ជួលភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បុរសដែលស្លាប់ដោយសារគាំងបេះដូងនេះត្រូវបានគេស្គាល់ឈ្មោះ អន វណ្ណី អាយុ៥៧ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ ប៉ែន សាបាន អាយុ៤៨ឆ្នាំ មុខរបរ កម្មករសំណង់ដូចគ្នា ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់នឹងប្តីបានទៅធ្វើការសំណង់នៅបុរីសែនសុខនៅជិតបន្ទប់ជួលដូចរាល់ដង រហូតម៉ោង៥ល្ងាច បានចេញពីធ្វើការមកផ្ទះ ហូបបាយរួចហើយក៏ទៅធ្វើការថែមម៉ោងវិញ ។ លុះមកដល់ម៉ោង៨យប់ ជនរងគ្រោះបានត្រឡប់មកវិញមុចទឹក ហើយចូលទៅក្នុងបន្ទប់ដេកជាធម្មតា ស្រាប់តែមកដល់ម៉ោងកើតហេតុខាងលើគាត់បានឮសំឡេងប្តីដកដំហើមគ្រតៗក៏ស្ទុះទៅមើល ស្រាប់តែស្លាប់បាត់ទៅហើយ ។
ក៏ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់ក្បែរខាង និងសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យ គឺជនរងគ្រោះពិតជាស្លាប់ដោយគាំងបេះដូងប្រាកដ មែន រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកធ្វើបុណ្យនៅស្រុកកំណើត ៕