ខេត្តតាកែវ ៖
គូស្នេហ៍វ័យក្មេង ជនជាតិវៀតណាម ដែលតួអង្គស្រី ស្ថិតក្នុងវ័យអនីតិជននៅឡើយ បានយំឱបគ្នាយ៉ាងស្អិតល្មួត បង្ហាញក្តីស្នេហ៍ស្មោះ នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងដូនកែវ ហើយបានគំរាមសម្លាប់ខ្លួនថែមទៀត
ប្រសិនអាណាព្យាបាល ប៉ងបំបែកចំណងស្នេហ៍ របស់ពួកគេ ហើយទីបំផុត ឪពុកម្តាយបានទន់ចិត្ត ក៏យល់ព្រមផ្សំផ្គុំពួកគេ ឲ្យក្លាយជាប្តីប្រពន្ធ តាមផ្លូវច្បាប់។
គូស្នេហ៍វ័យក្មេងនេះ បានប្តូរផ្តាច់ជាមួយគ្នា ទោះបីជាអាណាព្យាបាល ព្យាយាមបំបែក ពង្រត់តួឯកស្រី ពីប្រទេសវៀតណាម មករស់នៅលើទឹកដីខ្មែរ យ៉ាងណាក្តី ក៏តួអង្គខាងប្រុស បានស្កាត់ស្វែងរក រហូតបានជួបគ្នា នៅលើទឹកដីខេត្តតាកែវ។ បន្ទាប់ពីស្កាត់ជួបគ្នា មិនទាន់បានប៉ុន្មានផង ក៏ត្រូវឪពុកម្តាយខាងស្រីតាមទាន់ ប្តឹងកម្លាំងកងរាជអាវុធហត្ថ ក្រុងដូនកែវ ឲ្យឃាត់ខ្លួននៅ យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០ ១៤ នៅមុខសួនច្បារមាត់ទន្លេ ខណៈដែលពួកគេ កំពុងអង្គុយសារសងគ្នា។
គូស្នេហ៍វ័យក្មេងនេះ ខាងប្រុសមានឈ្មោះ វ៉ាង យ៉ាងទុង អាយុ ២២ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅ ក្នុងឃុំយិនឡុង ស្រុកអាំងភូ ខេត្តអាងយ៉ាង និងមាន មុខរបបជាកម្មករ ចំណែកខាងស្រី ឈ្មោះ សាលី ហាស់ អាយុ ១៣ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅក្នុងឃុំឃិនប៊ិន ស្រុកអាំងភូ ខេត្តអាងយ៉ាង ហើយការចាប់ឃាត់ខ្លួននេះ ធ្វើឡើងដោយយោងតាម ពាក្យបណ្ដឹង ពីឪពុកម្ដាយខាងស្រី ដោយចោទប្រកាន់ ភាគីខាងប្រុសថា បានចាប់ពង្រត់ កូនប្រមុំរបស់គាត់។
សមត្ថកិច្ចបានបន្តថា ពួកគេបានស្រលាញ់គ្នា តាំងពីនៅប្រទេស វៀតណាមមកម្ល៉េះ តែដោយភាគីខាងស្រី នៅវ័យក្មេងពេក ឪពុកម្ដាយខាងស្រី បានយកកូនស្រីរបស់ខ្លួន មករស់នៅស្រុកខ្មែរ ដោយជួលផ្ទះឲ្យស្នាក់នៅ ក្នុងក្រុងដូនកែវ បំណងបំបែកគូស្នេហ៍នេះ មិនឲ្យជួបគ្នា ក៏ប៉ុន្តែខាងប្រុស បានតាមមករកដល់ស្រុកខ្មែរ ហើយបាន នាំសង្សាររបស់ខ្លួន មកសារសងនៅមាត់ទន្លេ ក៏ត្រូវម្ដាយខាងស្រី ប្ដឹងឲ្យចាប់ខ្លួនតែម្ដង។ ពេលបញ្ជូនមកកាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ក្រុងដូនកែវ ពួកគេគិតតែពីយំអោបគ្នា ហើយបានស្បថស្បែថា ប្រសិនជាម៉ែឪ ពង្រត់ពួកគេមិនឲ្យ ជួបគ្នានោះ ពួកគេសុខចិត្តសម្លាប់ខ្លួន ទាំង ២នាក់តែម្ដង៕