ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា មានប្រសាសន៍នៅក្នុងកិច្ចប្រជុំតំបន់អាមេរិកខាងជើង ដែលរៀបចំឡើយដោយប្រទេសម៉ិចស៊ីកូកាលពីថ្ងៃទី១៩ កុម្ភៈ ថា កម្លាំងប្រដាប់អាវុធអ៊ុយក្រែនមិនត្រូវចូលរួមក្នុងវិបត្តិនយោបាយនាពេលនេះឡើយ ហើយ ព្រមានថានឹងមានលទ្ធផលអាក្រក់ ប្រសិនបើបុគ្គលណាមួយឆ្លងផុតបន្ទាត់ក្រហមនោះ ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការណាតូ លោក Anders Fogh Rasmussen
បានឲ្យដឹងថា ទំនាក់ទំនងរវាងណាតូនិងអ៊ុយក្រែនប្រាកដជារងផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនទាហានអ៊ុយក្រែនចូលរួមប្រឆាំងក្រុមបាតុករ ។
មានប្រសាសន៍ក្រោយពេលប៉ះទង្គិចគ្នារវាងប៉ូលិសនិងក្រុមបាតុករអ៊ុយក្រែននៅទីក្រុងគាវ លោក
Ramussen
បញ្ជាក់ថា «ខ្ញុំសូមស្នើដល់រដ្ឋាភិបាលអ៊ុយក្រែនរក្សាការអត់ធ្មត់បញ្ជៀសអំពើហិង្សាកើតឡើងជាបន្តទៀត ។ ប្រសិនបើកម្លាំងទាហានជ្រៀតជ្រែកប្រឆាំងក្រុមបាតុករនោះ ទំនាក់ទំនងអ៊ុយក្រែន-ណាតូ ប្រាកដជារងការប្រេះឆាជាមិនខាងឡើយ» ។
ក្នុងពេលជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានជំរុញឲ្យភាគីទាំងសងខាង រក្សាការអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិភាព បញ្ចប់វិបត្តិនាពេលបច្ចុប្បន្ន ។ អគ្គលេខាធិការ អ.ស.ប ក៏បានអំពាវនាវដល់ភាគីទាំងពីរស្វែងរកដំណោះស្រាយ បញ្ចប់វិបត្តិ ហើយលើកលែងទោសដល់ក្រុមបាតុករដែលបានចាប់ខ្លួនក្នុងពេលចូលរួមធ្វើបាតុកម្ម ។ លោក បាន គីមូន អំពាវនាវឲ្យមានកិច្ចពិភាក្សាជាបន្ទាន់ ដើម្បីរារាំងហេតុការណ៍អាក្រក់ជាងនេះដែលអាចកើតឡើងបាន ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសន្ធិមនុស្ស លោកស្រី
Navi Pillay
បានអំពាវនាវដល់ភាគីពាក់ព័ន្ធនៅក្នុងអំពើហិង្សាត្រូវតែអត់ធ្មត់ ។ លោកស្រីក៏បានថ្កោលទោសសកម្មភាពហិង្សាបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនដល់ភាគីទាំងសងខាង ។
កន្លងមកថ្មីៗ រដ្ឋាភិបាលអ៊ុយក្រែននិងក្រុមប្រឆាំងបានព្រមព្រៀងគ្នាបញ្ចប់អំពើហិង្សាដែលជាស
កម្មភាពវិជ្ជមានមួយ ក្នុងពេលដែលមានភាពតានតឹងខ្លាំងឡើងនោះ។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា មកទល់ពេលនេះមានអ្នកស្លាប់កើនឡើងដល់២៦នាក់ ក្នុងនោះមានប៉ូលិស១០នាក់ និងរាប់រយនាក់រងរបួសក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៨ កុម្ភៈ ។
នៅថ្ងៃទី១៩ កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក
Viktor Yanukovych
បានសម្រេចផ្លាស់ប្តូរតំណែងអគ្គមេបញ្ជាការកងទ័ពប្រទេសនេះ ដោយតែងតាំងលោក
Yuri Iliin
ឡើងកាន់តំណែងជាងអគ្គមេបញ្ជាការជំនួសលោក
Volodymyr Zamana
។ ប្រធានាធិបតីមិនបានធ្វើការវិភាគជុំវិញការសម្រេចចិត្តខាងលើនោះឡើយ ៕