អារ៉ាប៊ីសាអូឌិតបានសម្រេចផ្តល់កាំជ្រួចមីស៊ីលសម្រាប់វាយប្រហារទៅលើរថក្រោះប្រភេទ Konkurs និងមីស៊ីការពារដែនអាកាស FN-6 ឲ្យទៅក្រុមទាហានប្រឆាំងស៊ីរី ដើម្បីទប់ទល់នឹងទាហានរដ្ឋាភិបាល ។ ការផ្តល់សព្វាវុធទាំងនោះនឹងធ្វើឲ្យរដ្ឋាភិបាលស៊ីរីខាតបង់យ៉ាងធំធេង។
សារព័ត៌មានThe Wall Street Journal បានផ្សព្វផ្សាយថា អារ៉ាប៊ីសាអូឌិតបានឯកភាពផ្តល់សព្វាវុធដល់កម្លាំងបះបោរនូវប្រភេទមីស៊ីជាច្រើនដែលបំពាក់នៅលើស្មា អាចកម្ទេចបានទាំងរថក្រោះ យន្តហោះចម្បាំងរបស់កម្លាំងស្មោះត្រង់និងលោក បាសា អាល់អាសាដ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រភេទសព្វាវុធដែលបានផ្តល់ឲ្យនោះផលិតនៅក្នុងប្រទេសចិន ក្រៅពីនេះនៅមានកាំជ្រួចមីស៊ីលវាយប្រហាររថក្រោះផលិតក្នុងប្រទេសរុស្ស៊ីផងដែរ។ រាល់ការផ្តល់ខាងលើស្ថិតនៅក្នុងការគិតគូយ៉ាងល្អិតល្អន់របស់អារ៉ាប៊ីសាអូឌិត ។ បណ្តាប្រទេសលោកខាងលិចក៏បង្ហាញការព្រួយបារម្ភខ្លាចអាវុធទាំងនោះធ្លាក់ចូលក្នុងដៃក្រុមភេរវករ ។
មេបញ្ជាការក្រុមប្រឆាំងស៊ីរីបានឲ្យដឹងថា ពេលនេះមិនទាន់តួលេខច្បាស់ថាមានមីស៊ីលបំបាក់លើស្មាប៉ុន្មាននោះឡើយ ប៉ុន្តែលោកសន្និដ្ឋានថា នឹងមានចំនួនច្រើនដូចការចង់បាន ។ បច្ចុប្បន្ន ចំនួនអាវុធទាំងនោះមួយចំនួនធំស្ថិតនៅក្នុងព្រំដែនប្រទេស Jordan និងទួគី ចាំការបញ្ជូនទៅកាន់ស៊ីរី ។ អាវុធទាំងអស់នោះនឹងបញ្ជូនទៅកាន់តំបន់ភាគខាងត្បូងស៊ីរីជាទីតាំងក្រុមប្រឆាំងឈរជើង ។
ពាក់ព័ន្ធនឹងកិច្ចពិភាក្សាជាលើកទី២បរាជ័យនោះដែរ សមាជិកព្រឹទ្ធសភាអាមេរិកលោក John Mc.Cain បានអំពាវនាវដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បើកការវាយ ប្រហារដោយយោធាទៅលើប្រទេសស៊ីរី ។
កិច្ចពិភាក្សាស្ដីពីសន្ដិភាពស៊ីរីបន្ដបរាជ័យ សមាជិកព្រឹទ្ធសភាអាមេរិក បញ្ជាក់ថា វិធីសាស្ដ្រតែមួយគត់ដើម្បីទទួលបានជោគជ័យក្នុងកិច្ចប្រជុំនោះ គឺផ្លាស់ប្ដូរតុល្យភាព សិទ្ធិអំណាចក្នុងទឹកដីស៊ីរីជាមុនសិន ។ លោក John Mc.Cain បញ្ជាក់ថា “មានជម្រើសជាច្រើនស្ដីពី ការវាយប្រហារដោយយោធាដូចដែលបានធ្វើឡើងក្នុងប្រទេសអ៊ីរ៉ាក់ ហើយត្រូវតែប្រើប្រាស់ដើម្បីផ្លាស់ប្ដូរទស្សនៈរបស់រដ្ឋាភិបាលស៊ីរី រារាំងអំពើហិង្សា ហើយចុងក្រោយនឹងទទួលបានដំណោះស្រាយនយោបាយតាមរយៈកិច្ចពិភាក្សា ។
កិច្ចពិភាក្សាស្ដីពីសន្ដិភាពស៊ីរីជាលើកទី២នៅទីក្រុងហ្សឺណែវ បានបញ្ចប់ទៅកាលពីថ្ងៃទី១៥កុម្ភៈ ដោយមិនទទួលបានលទ្ធផលណាមួយឡើយ ។ លោក John Mc.Cain បញ្ជាក់ថា ក្រោយរយៈពេល៣សបា្ដហ៍ ភាគីពាក់ព័ន្ធពិភាក្សាឈានដល់ការឯកភាពគ្នា ក្នុងកិច្ចពិភាក្សានាពេល ខាងមុខទៀត ។
លោក John Mc.Cain ក៏បានថ្កោលទោសប្រធានាធិបតី អូបាម៉ា ដែលមានភាពទន់ខ្សោយ ទុកឱ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដាក់គំនាបទៅលើប្រធានាធិបតី និងគោលនយោបាយរបស់អាមេរិក ។ ចំណែកអ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា គ្មានគម្រោងប្រើប្រាស់ កម្លាំងយោធាទៅលើប្រទេសស៊ីរីនោះឡើយ ៕