ភ្នំពេញ ៖ ស្ដ្រីវ័យក្មេងម្នាក់ត្រូវបាននគរបាលប៉ុស្ដិ៍ចោមចៅហៅទៅសាកសួរ យោងតាមពាក្យបណ្ដឹងរបស់ស្ដ្រីម្នាក់ជាមេតុងទីនដោយចោទថា នាងបង្ករបួសស្នាមដោយចេតនាកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតនៅមុខរោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មន្ដ្រីនគរបាលបានឱ្យដឹងថា ស្ដ្រីដែលរងការចោទប្រកាន់ខាងលើឈ្មោះ នួន ស៊ីណែត អាយុ២៦ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រប្រាយស្ដាយ ស្នាក់ នៅផ្ទះជួល ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកស្ដ្រីជាមេតុងទីនឈ្មោះ ស៊ីណេ អាយុ៣០ឆ្នាំ មុខរបរជាកម្មការិនី ធ្វើការក្នុងរោងចក្រជាមួយគ្នា និងស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់ខាងលើ។
តាមសម្ដីរបស់ស្ដ្រីឈ្មោះ នួន ស៊ីណែត បានឱ្យដឹងថា មុនពេលកើតហេតុ រូបនាងបានទៅជួបស្ដ្រីជាមេតុងទីននៅមុខរោងចក្រកាណាជីយ៉ាក្នុងគោលបំណងសួរនាំរឿងលុយតុងទីនដែលនាងចាំកើបបានក្រោយគេ ប៉ុន្ដែបែរជាស្ដ្រីមេតុងទីន បានដើរគេចវេះ។ ក្រោយមកនាងក៏ចេះ តែដើរតាមចាប់ដៃសួរនាំ ហើយមេតុង ទីននោះបានប្រាប់ថា គ្មានឈ្មោះស៊ីណែត កើបលុយតុងទីនក្រោយគេទេ រហូតធ្វើឱ្យមានការជជែកគ្នារវាងនាងនឹងមេតុង ទីន ទើបធ្វើឱ្យស្ដ្រីមេតុទីនខឹង ហើយបានទៅប្ដឹងសមត្ថកិច្ចថា កូនតុងទីនរូបនេះ បានប្រើអំពើហិង្សា និងបង្ករបួសស្នាម ដោយចេតនាមកលើគាត់(មេតុងទីន) ទៅវិញ ។ ស្ដ្រីមេតុងទីនខាងលើបានទាមទារសំណងជំងឺចិត្ដពីនាងជាកូនតុងទីន ចំនួន៣០០ដុល្លារ សម្រាប់ជាការព្រមាន។
ទាក់ទិននឹងបញ្ហាខាងលើនេះ នគរវត្ដ មិនអាចសុំការបំភ្លឺពីខាងមេតុងទីន ឈ្មោះស៊ីណេបានទេ ។ ក្រោយពីនគរបាល ចោមចៅបញ្ចប់ការសាកសួរហើយស្ដ្រី មេតុងទីនរូបនោះបានឡើងជិះម៉ូតូយ៉ាងលឿនចាកចេញបាត់ទៅ ៕