ខេត្ដពោធិ៍សាត់ ៖ ប្រពន្ធស្លាប់ភ្លាមនៅកន្លែងកើតហេតុ និងប្ដីស្លាប់បន្ទាប់ ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ដ ដោយសាររថយន្ដយីឌុបបុកពីក្រោយ ខណៈ២នាក់ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាមកទទួលកូនប្រុសចេញពីពន្ធនាគារខេត្ដ ពោធិ៍សាត់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចសាខាសាលាក្រហម ចម្ងាយប្រមាណ២០០ម៉ែត្រ ឋិតក្នុង ភូមិឆ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ។
ករណីនេះត្រូវបានលោក សាញ់ សាន់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកន្ទួតនិយាយប្រាប់តាមទូរស័ព្ទថាជនរងគ្រោះជាប្ដី ឈ្មោះសុស តុប អាយុ៤៧ឆ្នាំ (ស្លាប់ពេល បញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ដ) ចំណែកប្រពន្ធឈ្មោះម៉ា យុម អាយុ ៤៥ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ។ អ្នកទាំង២ជាជនជាតិខ្មែរឥីស្លាម រស់នៅភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ លោក សាញ់ សាន់ បន្ដថា តាមការសាកសួរពីសាក្សីជុំវិញកន្លែង កើតហេតុ២នាក់ប្ដីប្រពន្ធរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១០០ ពណ៌ព្រីងទុំ ពាក់ស្លាកលេខភ្នំពេញ 1E-8955 បានធ្វើ ដំណើរក្នុងទិសដៅពីទិសខាងកើតមក លិចក្នុងបំណងទៅទទួលកូនប្រុសដែលទើបចេញពីពន្ធនាគារខេត្ដពោធិ៍សាត់នៅ ព្រឹកថ្ងៃចន្ទ ប៉ុន្ដែមកមិនទាន់ដល់ខេត្ដផង ក៏ត្រូវរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយត្រួតចេក ពាក់ស្លាកលេខតាកែវ 3A-0943បុកពីក្រោយបណ្ដាលឱ្យស្លាប់ ប្រពន្ធនៅកន្លែងកើតហេតុ ។ ចំណែកប្ដី ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ក្រោយពីកើតហេតុភ្លាមអ្នកបើករថយន្ដបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
លោកនាយប៉ុស្ដិ៍បន្ដទៀត ថា វត្ថុតាង រថយន្ដនិងម៉ូតូ ត្រូវនគរបាលចរាចរ ស្រុកក្រគរយកមករក្សាទុក រង់ចាំដោះ ស្រាយគ្នាជាក្រោយ ចំណែកសព(ប្ដី) ត្រូវក្រុមគ្រួសារសាច់ញាតិចាត់ចែង ដឹកចេញពីមន្ទីរពេទ្យយកទៅភូមិកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕