ភ្នំពេញ ៖ មន្ដ្រីក្រសួងមហាផ្ទៃឱ្យដឹងថា ព្រះសុវណ្ណកោដ្ឋនិងព្រះបរមសារី រិកធាតុព្រះពុទ្ធដែលបានរកឃើញវិញ កាលពីថ្ងៃទី៦ ខែកុម្ភៈនោះជាវត្ថុពិតប្រាកដ ព្រោះសម្ដេចម៉ែនិងមន្ដ្រីជាន់ខ្ពស់ព្រះបរមរាជវាំងបានយាងទត និងពិនិត្យរួចហើយ ហើយនឹងគ្រោងដង្ហែទៅតម្កល់ទុកនៅព្រះសក្យមុនីចេតិយភ្នំឧដុង្គវិញនៅពេលឆាប់ៗខាងមុខនេះ ។ នាយកដ្ឋានជំនាញនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃលោកម៉ក់ ជីតូ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃចន្ទនេះថា បន្ទាប់ពីបានរក ឃើញព្រះសុវណ្ណកោដិ និងព្រះបរម សារីរិកធាតុព្រះពុទ្ធ កាលពីថ្ងៃ ទី៦ ខែ កុម្ភៈកន្លងទៅក្រសួងបាននាំយកវត្ថុដ៏ មានតម្លៃមហាសាលនេះទៅតម្កល់ទុក នៅព្រះបរមរាជវាំងបណ្ដោះអាសន្នហើយ សម្ដេចព្រះមហាក្សត្រីនរោត្ដមមុនិនាថ សីហនុ សម្ដេចចៅហ្វាវាំងគង់ សំអុល និងមន្ដ្រី ព្រះបរមរាជវាំងបានយាងទត និងពិនិត្យរួចហើយដោយបញ្ជាក់យ៉ាង ច្បាស់ថាជារបស់ពិតប្រាកដ ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការសង្ស័យនិងយល់ច្រឡំតទៅទៀត ។
លោកម៉ក់ ជីតូឱ្យដឹងទៀតថា ព្រះបរមរាជវាំងគ្រោងនឹងដង្ហែព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ព្រះពុទ្ធ ទៅតម្កល់នៅព្រះសក្យមុនីចេតិយលើភ្នំ ព្រះរាជទ្រព្យ (ភ្នំឧដុង្គ)នៅពេលឆាប់ៗ ខាងមុខនេះបន្ទាប់ពីក្រសួងមហាផ្ទៃ និង ក្រសួងវប្បធម៌ ពិភាក្សាគ្នារួចរាល់ពី វិធានការបង្កើនការការពារវត្ថុដ៏មាន តម្លៃមហាសាលនេះដូចជាបន្ថែមកម្លាំង សមត្ថកិច្ច និងមានបំពាក់ប្រព័ន្ធកាមេរ៉ា សុវត្ថិភាពដែលមានទំនួលខុសត្រូវ ខ្ពស់ជាដើម ។
នៅក្នុងសន្និសីទប្រកាសព័ត៌មាននា ឱកាសនោះក៏មានការចូលរួមផងដែរពីសំណាក់លោកឧត្ដមសេនីយ៍ត្រីអ៊ាវ ចំរើន ជាស្នងការនគរបាលខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្ដតាកែវ លោកឧត្ដមសេនីយ៍ត្រី ឡឹក វណ្ណៈ ជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងលោកឧត្ដមសេនីយ៍ទោ អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ។
លោកឧត្ដមសេនីយ៍ឯកម៉ក់ ជីតូ បាន លើកឡើងបន្ថែមទៀតថា ការស្រាវ ជ្រាវរកឃើញមកវិញនេះជាមោទនភាពណាស់សម្រាប់ជាតិយើងទាំងមូល ។ លោក ថាព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសារីរិកធាតុនេះមិនងាយរកឃើញទេ ហើយក្នុង នាមលោកតំណាងឱ្យសហការីក៏ដូចជា ប្រជាពលរដ្ឋកម្ពុជាយើងទាំងក្នុងនិងក្រៅប្រទេសព្រមទាំងព្រះសង្ឃទាំងអស់ទទួលបាននូវការសប្បាយរីករាយក៏ដូចជា ការទទួលបានជោគជ័យក្នុងការស្រាវជ្រាវរកឃើញមកវិញ ហើយចាត់ទុកថាជា វត្ថុដ៏មានតម្លៃកម្ររកបានហើយការ ស្រាវជ្រាវរកឃើញមកវិញនេះខ្វះតែ៤ថ្ងៃទៀតគឺ២ខែហើយអ៊ីចឹងតែ១ខែ២៦ថ្ងៃប៉ុណ្ណោះយើងរកឃើញមកវិញ ។
លោកឧត្ដមសេនីយ៍ឯកបន្ដថា ក្រោយពីចាប់ជនសង្ស័យឈ្មោះកែវ រស្មីនេះ បានធ្វើសាវតារជាតិឃើញថាជនសង្ស័យរូបនេះបានលួចគោពលរដ្ឋ២ក្បាលចាប់ដាក់គុក៦ខែកាលពីឆ្នាំ២០០៨ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០០៩ជិះបុក មនុស្សស្លាប់ជាប់គុក៩ខែទៀត ។ នៅថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០១១លួចគោគេទៀត ហើយពាក់ព័ន្ធនឹងការលួចរូបបដិមានេះ គេធ្លាប់លួចចំនួន៣លើកមកហើយដែរ ។
លួចលើកទី១លួចបដិមា១ព្រះអង្គ ទម្ងន់១០គីឡូក្រាមពីវត្ដ ស្រីសិទ្ធ ។ ពេល សួរទៅគេថាលក់ឱ្យអេតចាយបាត់ហើយតម្លៃជាង២០ម៉ឺនរៀល ទី២-លួចកេស ដាក់លុយក្នុងកេសមានលុយ២០ម៉ឺនរៀល និងទី៣-លួចព្រះពុទ្ធរូបដែលគេហៅថា ព្រះពុទ្ធនាងខ្មៅ ។
លោកឧត្ដមសេនីយ៍ឯកម៉ក ជីតូ ក៏បាន បញ្ជាក់ឱ្យដឹងថា ជនសង្ស័យបានសារ ភាពថា បានជាខ្លួនលួចព្រះសុវណ្ណកោដ្ឋ តម្កល់ព្រះបរមសារីរិកធាតុនេះគឺមុន ដំបូងខ្លួនបានមើលទូរទស្សន៍ឃើញអតីតព្រះមហាវីរក្សត្យយើងបានហែព្រះបរមសារីរិកធាតុទៅតម្កល់នៅភ្នំព្រះរាជទ្រព្យ ដល់អ៊ីរចឹងវាឃើញថាជាវត្ថុមានតម្លៃវាគិតថាធ្វើម៉េចលួចឱ្យបាន ។ បន្ទាប់មក វាក៏ដើរឡើងទៅលើភ្នំព្រះរាជទ្រព្យដើរ មើលជុំវិញដល់ថ្ងៃទី៩ម៉ោង២រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ក៏ខ្ចីម៉ូតូគេជិះទៅ ដោយចេញពីខេត្ដតាកែវទៅទម្រាំទៅ ដល់ភ្នំព្រះរាជទ្រព្យម៉ោងជិត៧យប់ដល់ ម៉ោងប្រហែល៩យប់ខែធ្នូឆ្នាំ២០១៣វាក៏ឡើងទៅអត់ឃើញមានឆ្មាំយាមទេ ព្រោះគេនាំគ្នាចុះទៅមើលទូរទស្សន៍នៅជាន់ខាងក្រោម ហេតុដូច្នេះវាក៏គាស់ ទ្វារឡើងទៅឃើញព្រះពុទ្ធប្បដិមាធ្វើឡើងសុទ្ធតែមាសវាក៏ប្រមូលដាក់ថង់ដឹកយកទៅផ្ទះរបស់គេនៅខេត្ដតាកែវ ។ លោក ឧត្ដមសេនីយ៍ឯកម៉ក ជីតូបន្ដថាជនសង្ស័យ បានរំលាយរូបបដិមាធ្វើពីមាសទិញបានម៉ូតូថ្លៃៗនិងសង់ផ្ទះធ្វើពីឈើលើថ្មក្រោមតម្លៃជាង១ម៉ឺនដុល្លារ ។
លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ ក៏បានបញ្ជាក់ឱ្យដឹងថា ស្ដ្រីឈ្មោះសៀក សារ៉េត អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ ព្រៃសណ្ដែក ឃុំស្លឹក ស្រុកទ្រាំង ខេត្ដតាកែវសមត្ថកិច្ចក៏ បានឃាត់ខ្លួនកាល ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ពីបទទិញ ផលចោរកម្ម ។
ពាក់ព័ន្ធនឹងសំណួរលើកឡើងថា តើពលរដ្ឋខ្លះនៅតែមិនជឿព្រោះនេះគ្រាន់ តែជារឿងសម្ដែងតែប៉ុណ្ណោះ? លោក ម៉កជីតូថា នេះជារឿងរបស់ពួកគាត់ មានចេតនាប្រឆាំងហើយនៅពេលណា ដែលសមត្ថកិច្ចយើងមិនរវល់រកពួក គាត់ជេរយើងហើយដល់ពេលសមត្ថកិច្ចយើងរកឃើញគាត់ថា ជារឿងក្លែងក្លាយនោះជាសិទ្ធិរបស់គាត់ ៕