រាជធានីភ្នំពេញ ៖
យុវជនម្នាក់បានគិតខ្លី ចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលរបស់ម្តាយ បន្ទាប់ពីបានស្រឡាញ់ស្ត្រីម្នាក់ អស់រយៈពេល ជិតមួយខែមកហើយនោះ បានប្រាប់ឲ្យម្តាយ ចូលទៅស្តីដណ្តឹង រៀបការទៅតាមផ្លូវច្បាប់ ប៉ុន្តែខាងស្រី
បង្គាប់ថ្លៃទឹកដោះ រហូតដល់ ១៥០០ ដុល្លារអាមេរិក ទើបថយវិញសិន ដើម្បីសន្សំប្រាក់ តែពីមួយខែទៅមួយខែ ប្រាក់ដែលរកបាន គ្រាន់តែដោះស្រាយ ជីវភាពប្រចាំថ្ងៃ មិនសល់ទាល់តែសោះ ធ្វើឲ្យយុវជនខាងលើអស់សង្ឃឹម ក៏សម្រេចចិត្ត ធ្វើអត្តឃាតតែម្តងទៅ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពី វេលាម៉ោង ៦និង១០ នាទីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅក្នុងបន្ទប់ជួលលេខ១០ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមាន ឈ្មោះ ពិអាន អាយុ ២២ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅម្តុំវត្តស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ទើបតែមកស្នាក់នៅ បន្ទប់ជួលរបស់ម្តាយ កន្លែងកើត ហេតុបាន ២ថ្ងៃប៉ុណ្ណោះទេ ។
ម្តាយរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ កូនប្រុសរបស់គាត់ បានមករំអុកគាត់ឲ្យចូល ស្តីដណ្តឹងប្រពន្ធ ព្រោះខ្លួនបានស្រឡាញ់នារីម្នាក់ ដែលជាកម្មកដូចគ្នា ប៉ុន្តែដោយសារតែ គេបង្គាប់ថ្លៃផ្ទះច្រើនពេក ធ្វើឲ្យគាត់គ្មានសមត្ថភាព បានប្រាប់កូនវិញថា ចាំសន្សំ ប្រាក់សិន យ៉ាងយូរឆ្នាំក្រោយ។ ពេលនោះកូនរបស់គាត់ ក៏មិនមាត់មិនកអីដែរ គ្រាន់តែប្តូរទឹកមុខ រីឯរូបគាត់វិញក៏មិនដឹងជា ធ្វើយ៉ាងណាដែរ ពីព្រោះខ្លួនជាស្ត្រីមេម៉ាយ និងជាកម្មការិនីរោងចក្រទៀតផង ធ្វើម៉េចនឹងមានលុយកាក់ច្រើន ដូចការបង្គាប់នោះ។
បន្តិចក្រោយមក ស្ត្រីជាម្តាយបានដើរ ទៅធ្វើការដូចសព្វដង រហូតដល់ម៉ោងកើតហេតុ គាត់ត្រឡប់ពីធ្វើការវិញ ឃើញបន្ទប់ចាក់គន្លឹះ ពីខាងក្នុងជាប់ ស្រែកហៅកូន តែមិនឮឆ្លើយ ទើបទម្លាយទ្វារចូលទៅ ឃើញកូនរបស់គាត់ បានចងកស្លាប់បាត់ទៅហើយ ដោយយកក្រមាចងភ្ជាប់ ទៅនឹងផ្ទោងផ្ទះ រួចហើយយកម៉ូតូ ធ្វើជាកំណល់។ បើតាមប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បាននិយាយថា ជនរងគ្រោះបានជិះម៉ូតូ មកពីណាយ៉ាងច្រឡោត រួចហើយចូលទៅក្នុងបន្ទប់ បិទទ្វារជិតបន្ទប់ជិត។
ពេលនោះពួកគាត់ មិនបានចាប់អារម្មណ៍នោះទេ រហូតដល់ម៉ោងកើតហេតុ ម្តាយរបស់ជនរងគ្រោះ ត្រឡប់មកពី ធ្វើការរោងចក្រវិញ ស្រែកហៅកូនមិនព្រមបើកទ្វារ ទើបមានការងឿងឆ្ងល់ ក៏ទម្លុះ ទ្វារចូលទៅ ស្រាប់តែឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនបាត់ទៅហើយ មិនតាំងពីពេលណានោះទេ ។ ក្រោយមកក៏រាយការណ៍ ប្រាប់នគរបាលមូលដ្ឋាន ឲ្យចុះទៅពិនិត្យសាកសព ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជា ចងកសម្លាប់ខ្លួន ពិតប្រាកដមែន រួចហើយក៏ប្រគល់ សាកសព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕