រាជធានីភ្នំពេញ ៖
កាលពីប៉ុន្មានឆ្នាំមុនតារាសម្ដែងស្រីស្រស់ស្អាតជាច្រើនរូបមាននាង វ៉ាង ស្រីណូ នាងស្រីម៉ុច នាងកុល ដាវី នាងឆយី និងនាងសាន សុម៉ាលី សុទ្ធសឹងតែជាប់ឈ្មោះជា
កំពូលតារាសិចស៊ីមានដើមទ្រូងស្រស់ស្អាត ប៉ុន្ដែក្រោយពីរងការរិះគន់ខ្លាំងពីមហាជនមក តារាទាំងនោះហាក់លែងសូវហ៊ានបញ្ចេញដើមទ្រូងខ្លាំងដូចមុនខ្លាចប៉ះពាល់អាជីព ។ ទោះជាយ៉ាងណាក្ដី មានតារាថ្មីមួយចំនួនមានភាពក្លាហានហ៊ាន បង្អួតសាច់ទ្រូងយ៉ាងព្រឺព្រួច មិនខ្លាចការរិះគន់ពីមហាជន ជាក់ស្ដែងដូចជាតារាចម្រៀង និងសម្ដែងនាងប៊ុន ផៃលីន ជាដើម ។
នៅក្នុងកម្មវិធីថតខារ៉ាអូខេឱ្យផលិតកម្មរៃមាស តោមាស កាលពីពេលថ្មីៗកន្លងទៅ តារាដែលអ្នកនៅក្នុងសង្គមសិល្បៈឱ្យឈ្មោះថា ជាតារាសិចស៊ីជំនាន់ថ្មី” នាងប៊ុន ផៃលីន បានគ្រងរ៉ូបវែង ពណ៌ខ្មៅឆែកត្រឹមគល់ភ្លៅ បញ្ចេញសាច់សខ្ចី និងល្វែងខាងលើ នាងបញ្ចេញគល់ទ្រូង ធ្វើឱ្យតារាប្រុសមួយចំនួនងាកមើលយ៉ាងយកចិត្ដទុកដាក់ ខ្លះដើរចង់ប៉ះគេឯង ។ ក្នុងពិធីថតនោះ តារាទាំងអស់ស្លៀកពាក់សិចស៊ីល្មមៗ តែសម្រាប់ស្រីស្រស់ផៃលីនវិញមើលទៅសម្លៀកបំពាក់របស់នាង គឺសុទ្ធតែបែបសិចស៊ីវាលខាងលើទាំងអស់ ។
សម្រាប់មិត្ដជិតដិតក្នុងចង្កោមសិល្បៈដឹងច្បាស់ទៅហើយថា តារាទើបតែលេចធ្លោលើតំណែងសិចស៊ី ប៊ុន ផៃលីន និយមបញ្ចេញភាពឡូយឆាយគ្រប់ពេលនាងចេញមុខសម្ដែង គឺលើកណាក៏នាងធ្វើឱ្យគេចាប់អារម្មណ៍គ្រប់គ្នា ពេលឃើញនាងលេងខ្លួនសិចស៊ីចាស់ដៃដែលតារាស្រីមួយចំនួនធ្លាប់ក្លាហានពីមុនមិនហ៊ានធ្វើដូចនាងឡើយ ។ តារាសិចស៊ី ប៊ុន ផៃលីន ទើបតែជាប់ចំណងស្នេហ៍ជាមួយបុរសរស់នៅអូស្ដ្រាលី ។ បុរសគូស្នេហ៍ឆ្លងដែនជ្រែកអាកាសរូបនោះ ស្រឡាញ់តារាម្នាក់នេះណាស់ ថែមទាំងហួងហែងមិនឱ្យនាងចេញទៅណាទេ ក្រៅពីសម្ដែងឱ្យផលិតកម្មក្រៅប្រទេស ។ អ្វីគ្រប់យ៉ាងទាក់ទិននឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក៏កំពូលស្នេហ៍របស់ប៊ុន ផៃលីន ចេញមុខផ្ដល់ជូនមិនឱ្យទើសចិត្ដឡើយ ធ្វើឱ្យនាងមានរបស់របរប្រើប្រាស់សុទ្ធតែមានតម្លៃ សូម្បីតែខ្សែដៃមាសរបស់នាង ក៏បុរសនោះទិញឱ្យដែរ ហើយត្រូវផៃលីនប្រាប់ថាមានទម្ងន់ជិត១០តម្លឹងឯណោះ ។ អ្នកណាក៏ភ្ញាក់ផ្អើលដែរ ព្រោះគ្រប់ពិធីប្រគំតន្ដ្រីនានានៅតាមស្ថានីយទូរទស្សន៍ល្បីៗ ប៊ុន ផែលីន មិនដែលបានបង្ហាញមុខម្ដងណាទេ តែជីវិតរស់នៅប្រចាំថ្ងៃរបស់នាងកាន់តែមានភាពល្អប្រសើរជាលំដាប់ ។
ប៊ុន ផៃលីន បានរៀបរាប់ក្នុងពេលចូលរួមសម្ដែងឱ្យផលិតកម្មក្រៅប្រទេសថា នាងសិចស៊ីតែក្រៅកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ តែបើផ្សាយផ្ទាល់មិនហ៊ានទេល្មមៗប៉ុណ្ណោះ ម្យ៉ាងមកពីនាងយល់ថា នោះជាការសម្ដែងសម្រាប់ផ្សាយនៅក្រៅប្រទេសមិនមែនចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ណាទេ ទើបរំលេចភាពឡូយឆាយបញ្ចេញសាច់តែម្ដងទៅ ខណៈដែលនាងនិយមចូលចិត្ដភាពសិចស៊ីតាំងតែពីដើមមកទៅហើយ។ តារាសិចស៊ីអ្នកស្រុកព្រៃកប្បាសខេត្ដតាកែវរូបនេះនិយាយថា “ខ្ញុំពិតជាមិនខ្លាចអ្នកណា និយាយអំពីនាងខ្ញុំថាមិនល្អនោះទេ មកពីនេះជាចំណូលចិត្ដកុំឱ្យតែជ្រុលជាងនេះ ។ ណាមួយមកពីមុនគេសុទ្ធតែស្គាល់នាងខ្ញុំថា តែងខ្លួនចាស់ដៃទើបធ្វើឱ្យជ្រុលតែម្ដងទៅ បើជ្រុលតែធ្វើឱ្យគេចាប់អារម្មណ៍ទៅហើយមានតែឱ្យទៅតាមដំណើរតែម្ដងទៅកុំឱ្យតែលើសនេះ” ។ ចំពោះចំណងស្នេហ៍របស់នាងជាមួយបុរសនៅប្រទេសអូស្ដ្រាលីនោះ ផៃលីន អះអាងថា នៅល្អដូចមុនដោយពួកនាងស្វែងយល់ចិត្ដគ្នាបានច្រើន ។ គូស្នេហ៍មិនឱ្យនាងធ្វើអីទេ គឺធានាចិញ្ចឹមទាំងស្រុងដើម្បីឱ្យនាងសប្បាយចិត្ដ ។ លើសពីនេះគូស្នេហ៍របស់នាងមានគម្រោងធានានាងយកទៅរស់នៅដែនកោះអូស្ដ្រាលីទៀតផង ទើបនាងប្រឹងរៀនភាសាបរទេសដើម្បីឱ្យប្រើការបានងាយស្រួលទៅដល់ទីនោះប្រកបកិច្ចការផ្សេងៗ ។ ផៃលីន បញ្ជាក់ថា នាងគ្មានបំណងផ្ដួលតំណែងអ្នកណាទេ សម្រាប់ភាពសិចស៊ី តែនេះមកពីនាងនិយមចូលចិត្ដ ។ បើចង់កាច់កុងតារាផ្សេងនោះគ្មានតែម្ដង បើទោះជាមានអ្នកខ្លះក្លាហានមិនចាញ់នាងក៏ដោយ ។ តារាស្រករក្រោយដែលនិយមតែងខ្លួនបញ្ចេញល្វែងលើល្វែងក្រោម ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍កន្លងមក មាននាងប៊ុន ផៃលីន កញ្ញាស្រីនូ កញ្ញាពេជ្រ អាវីហ្សា និងចុងក្រោយនេះនាង សេង សូណា ក៏ខ្លាំងណាស់ដែរ៕