រាជធានីភ្នំពេញ ៖
រថយន្តស៊េរីទំនើប របស់ឯកឧត្តមម្នាក់ បានបើកធ្លាក់ផ្លូវក្រឡាប់ បង្កឲ្យមានកាតរភ្ញាក់ផ្អើល និងស្ទះចរាចរណ៍ជាងមួយម៉ោង កាលពីវេលាម៉ោង ១៥និង៣០ នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្ដោយ
ផ្លូវជាតិលេខ៦អា ស្ថិតក្នុងក្រុមទី៨ ភូមិកៀននឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដែលបើកធ្លាក់ផ្លូវ ក្រឡាប់នោះ មានម៉ាក ឡង់គ្រីស័រ V8 ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1A-4265 ចេញធ្វើដំណើរ តាមច្រកផ្លូវលំ ម្ដុំភោជនីយដ្ឋាន បុប្ផាលាក់ខ្លួន ក្នុងទិសដៅ ពីត្បូងមកជើង លុះមកដល់ផ្លូវជាតិលេខ៦អា ក៏បត់ឆ្វេងដៃ តែទំនងជាយកចង្កូតមិនទាន់ ដោយសារបើក ឆ្លងផ្លូវលឿនពេក ក៏ជ្រុលចង្កូត បណ្ដាលអោយធ្លាក់ផ្លូវទៅខាងស្ដាំ ក្រឡាប់ភ្លាមៗតែម្ដង។
សាក្សីបានបន្តទៀតថា បន្ទាប់ពីរថយន្ត បានធ្លាក់ផ្លូវក្រឡាប់ ទាំងប្រជាពលរដ្ឋ និងអ្នកដំណើរ បាននាំគ្នាជួយសង្គ្រោះ ទាញអ្នកបើកបរ ចេញពីក្នុងរថយន្ត ដែលមានសភាពស្រវឹងជោកជាំ តែមិនបណ្ដាលអោយ មានគ្រោះថ្នាក់នោះឡើយ។ នៅក្នុងរថយន្ត គេឃើញមានធៀបការមួយច្បាប់ ដែលក្នុងលិខិតអញ្ជើញ មានឈ្មោះ ឯកឧត្ដម ផាត់ សុខម៉េង និងលោកជំទាវ ដែលគេសង្ស័យថា រថយន្តខាងលើនេះ ជាកម្មសិទ្ធិរបស់ ឯកឧត្ដម ផាត់ សុខម៉េង៕