ភ្នំពេញ
៖
មានការទន្ទឹងរង់សំណុំរឿងដ៏រ៉ាំរ៉ៃនៃសោដនាថកម្មចំពោះក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត នៅមិនទាន់បញ្ចប់ជាស្ថាពរនៅឡើយ ខណៈដែលសំណុំរឿងកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។ ទាំងនាយ កុយ , ខេមរៈ សិរីមន្ត និងជនរងគ្រោះនៅបន្តរង់ចាំការជំនុំជម្រះសម្រេចនៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះ ។
ការជំនុំជម្រះរបស់សាលាឧទ្ធរណ៍នាពេលខាងមុខនេះ បានធ្វើឡើងតបតាមការប្ដឹងទាស់ពីភាគីក្រុមហ៊ុន SK ដែលប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុកាលពីកន្លងទៅ ដែលបានសម្រេច និងបានប្រកាសសាលក្រមឲ្យភាគីដើមបណ្ដឹង រួមមានតារាចម្រៀង ខេមរៈ សិរីមន្ត, នាយកុយ, យាយ ណយ សំណាង និង គ្រួសារជនរងគ្រោះផ្សេងទៀតជាអ្នកឈ្នះក្ដី និងតម្រូវឲ្យភាគីក្រុមហ៊ុន SK និងក្រុមហ៊ុនធានារ៉ាប់រងកាំមិនកូ ផ្ដល់សំណងជំងឺចិត្តតាមសេចក្ដីសម្រេច ។
តារាកំប្លែង នាយកុយ តំណាងឲ្យភាគីដើមចោទប្រាប់ថា មេធាវីក្រុមហ៊ុន SK នៅតែប្រកាន់ជំហរដាច់ខាត និងមិនផ្ដល់សំណងតាមការទាមទារ ក៏ដូចជាសាលក្រមសាលាដំបូងនោះទេ ខណៈភាគីក្រុមហ៊ុនធានារ៉ាប់រងកាំមិនកូយល់ព្រមសង៥.០០០ដុល្លារទៅតាមអ្វីដែលជាការសម្រេចរបស់តុលាការ.។ លោកបន្តទៀតថា “ពូកយើងមានសង្ឃឹម៨០ភាគរយហើយ សល់ប៉ុន្មានរង់ចាំការសម្រេចរបស់សាលាឧទ្ធរណ៍។ ប៉ុន្តែពូកយើងមានជំនឿលើតុលាការអាចរកឃើញពីយុត្តិធម៌” ។
លោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ធ្លាប់ប្រាប់អ្នកសារព័ត៌មានដែរថា អ្វីៗនឹងប្រព្រឹត្តទៅតាមច្បាប់ ព្រោះទាំងអស់គ្នារស់ក្រោមច្បាប់ហើយលោកនៅតែជឿជាក់ថា ច្បាប់ពិតជាស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់ ។ លោកប្រាប់ថា លោកនិងជនរងគ្រោះនៅតែរង់ចាំដោយភាពជឿជាក់ជាមួយនឹងការជម្រះក្តីរបស់សាលាឧទ្ទរដែលនឹងផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់។
នៅមិនដល់មួយខែទៀតទេ ដែលត្រូវដល់គម្រប់ខួបមួយឆ្នាំនៃការបាត់បង់អាយុជីវិតសាច់ញាតិរបស់ពូកគាត់ ហើយនេះឱកាសមួយដែលបានចូលរួមមើលដំណើរការកាត់ក្ដី ។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤នេះ នាយកុយ , លោក មរៈ សិរីមន្ត និងសិល្បករជាច្រើនទៀតនឹងរៀបចំកម្មវិធី បួងសួងសុំសេចក្តីសុខពីលោកយាយម៉ៅ ដែលពួកគេមានជំនឿថា មានបុណ្យបារមី ។ លោកក៏បានធ្វើការអំពាវនាវដល់សប្បុរសជនទាំងក្នុង និង ក្រៅរង្វង់សិល្បៈ ធ្វើយ៉ាងណាចូលរួមឲ្យបានច្រើនកុះករក្នុង កម្មវិធីនេះ និងអាចឧបត្ថម្ភជាសម្ភារៈផ្សេងៗក៏បាន។ សម្ភារៈ និងថវិកាចូលរួមពីសប្បុរសជន នឹងចែកជួនដល់ប្រជាពលរដ្ឋទីទ័លក្ររស់នៅទីនោះ ក៏ដូចជាការកសាងវត្តភ្នំពេជ្រនិលជាដើម ៕