នៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៤នៅទីក្រុងស៊ូជី ប្រទេសរុស្សី អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក បាន គីមូន បានអំពាវនាវឲ្យបញ្ឈប់ការប៉ះទង្គិចគ្នាដោយ អាវុធនៅលើពិភពលោក ក្នុងអំឡុងពេលនៃការប្រកួតចាប់ផ្តើមពីថ្ងៃទី៧ កុម្ភៈ ដល់ថ្ងៃទី២៣ កុម្ភៈ ២០១៤ ។
លោក បាន គីមូន បានបញ្ជាក់ថា ការដែលបន្តផ្ទុះអាវុធដាក់គ្នា គឺជាសោដនាដកម្មមួយ ដោយលោអំពាវនាវដល់ភាគីពាក់ព័ន្ធដាក់អាវុធចុះឈប់បាញ់ យ៉ាងហោចណាស់ក៏នៅក្នុងអំឡុងពេលការប្រកួតកីឡាដ៏ធំនៅលើពិភាពលោកមួយនេះ ។
ក្នុងថ្ងៃជាមួយគ្នានោះ រុស្ស៊ីក៏បានអំពាវនាវដល់អ្នកដែលចូលរួមក្នុងអំពើហិង្សាប្រដាប់អាវុធជុំវិញពិភពលោក ប្រកាសពីបទឈប់បាញ់ក្នុងរយៈពេលប្រកូតអូឡាំពិក ។ ការប្រកាសរបស់ក្រសួងការបទេសរុស្សី បានបញ្ជាក់ថា ការអំពាវនាវជាដំបូងភាគីនៅក្នុងប្រទេសស៊ីរី ដែលជះឥទ្ធិពលដល់ពិភពលោកទាំងមូល ។
ការប្រកាសបានបញ្ជាក់ថា ការឈប់បាញ់សមស្របទៅនឹងសេចក្តីសម្រេចលេខ68/9
របស់មហាសន្និបាត អ.ស.ប ដែលបានសម្រេចកាលពីថ្ងៃទី៦ ខែវិច្ឆិកា ២០១៣ តាមសំណើរបស់រុស្ស៊ី ក្នុងគោលដៅកសាងសន្តិភាព និងការរស់នៅប្រកបដោយសុភមង្គលតាមរយៈការប្រកួតកីឡា ។
ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកលើកនេះជាការប្រាស្រ័យទាំងកីឡា នយោបាយ និងសន្តិសុខពិភពលោក បានជាមានមេដឹកនាំជាច្រើនចូលរួម ។ តាំងពីដើមមក ការប្រកួតកីឡា គេមិនដែលនិយាយដល់រឿងនយោបាយដូចជាពេលនេះនោះឡើយ ហើយក៏ជាការប្រកួតដែលត្រូវចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ។
ប្រាក់ចំណាយសម្រាប់រៀបចំការប្រកួតមានជាង៥០ពាន់លានដុល្លារ ខ្ពស់ជាង៤ដងប្រៀបធៀបនិងគម្រោងពេលដំបូង ។ ជាមួយនិងការចំណាយដ៏លើសលុបនោះ អូឡាំពិកស៊ូជីបានក្លាយទៅជាព្រឹត្តិការណ៍កីឡាចំណាយច្រើនបំផុត គឺច្រើនជាងការរៀបចំនៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០០៨ ដែលមានតែ៤៤ពាន់លានដុល្លារ និងច្រើនជាង៣ដងការប្រកួតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីឆ្នាំ២០១២ ទៅទៀត ៕