ខេត្ដពោធិ៍សាត់ ៖ កម្មករដាំដំឡូងមីក្រុមហ៊ុនចិនម្នាក់ដែលផឹកស៊ីស្រវឹងស្រា ជោកជាំដើរឆ្លងស្ទឹងសួតាមដើមឈើ រលំកាត់ស្ទឹងរអិលជើងធ្លាក់ចូលទឹកលង់ ស្លាប់កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចស្ទឹងអំពុះ ក្នុងការដ្ឋានទី២១.១ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់។
លោកសន ឡុង នាយប៉ុស្ដិ៍នគរបាល ប៉ុស្ដិ៍រដ្ឋបាលឈើតុំបានឱ្យដឹងតាមទូរស័ព្ទថា ជនរងគ្រោះឈ្មោះទឹម ឈឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ ។
លោកនាយប៉ុស្ដិ៍បន្ដថា តាមការ ស្រាវជ្រាវជុំវិញកន្លែងកើតហេតុឃើញ ថា ជនរងគ្រោះនិងមិត្ដភក្ដិម្នាក់ទៀត ដែលនៅក្បែរគ្នាដើរឆ្លងស្ទឹង។ លុះដល់ ម៉ោង៨យប់ ពួកគេស្រវឹងធ្លាក់ភ្នែក រៀងៗខ្លួន ទើបនាំគ្នាត្រឡប់មកវិញ ប៉ុន្ដែមិត្ដភក្ដិដែលទៅជាមួយមកមុន បន្ដិចទើបជនរងគ្រោះដើរតាមក្រោយ ហើយទំនងស្រវឹងខ្លាំងពេកក៏រអិលជើង ធ្លាក់ចូលទឹកតែម្ដង ។ ព្រោះកន្លែងឆ្លង នោះមិនមែនជាស្ពានទេ គឺជាដើមឈើ មួយដើមគត់ ដែលដួលរលំកាត់ស្ទឹង។ ម្យ៉ាងទៀតកន្លែងនោះមានទឹកជ្រៅ ហើយហូរកួច ថែមទាំងមានគល់ឈើ ធំៗអណ្ដែតទឹកទៀតផង ។ បើគិតពី កម្ពស់ទឹកពីមាត់ច្រាំងស្ទឹងកម្ពស់ដល់៤-៥ម៉ែត្រឯណោះ មិនស្រវឹងក៏មិន អាចស្លាប់ដែរ។
លោកនាយនគរបាលប៉ុស្ដិ៍បន្ដទៀតថា ជំហានដំបូងសមត្ថកិច្ចបានឃាត់ខ្លួន មិត្ដភក្ដិដែលទៅផឹកជាមួយដែរ តែក្រោយពីបច្ចេកទេសធ្វើកោសល្យវិច័យ រួចរាល់ហើយមិនឃើញមានការពាក់ ព័ន្ធនោះទេ ទើបដោះលែងមកវិញ ។ នៅលើខ្លួនប្រាណសាកសពឃើញមានស្នាម ជាំចង្កា និងក្បាលបន្ដិចបន្ដួចដែលគេ សន្និដ្ឋានថា អាចទង្គិចនឹងគល់ឈើពេលធ្លាក់ទឹក។
ក្រោយពីពនិត្យរួចសមត្ថកិច្ចបាន ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីយក ទៅចាត់ចែធ្វើបុណ្យតាមប្រពៃណី ។ ចំណែកខាងក្រុមហ៊ុនជួយអង្ករ៣បាវនិង ដឹកសពមកដល់ផ្ទះឯស្រុកកំណើត ៕