ខេត្ដប៉ៃលិន-ខេត្ដបាត់ដំបង ៖ យុវជនកុមារា៣នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបាន កើតឡើងកាលពីវេលាម៉ោង៦និង៤០ ព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្លូវកោងមួយនៅក្នុងភូមិវាលរំហាត់ ឃុំអូរដា ស្រុកកំរៀង ខេត្ដបាត់ដំបង ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលបានឱ្យដឹងថា ក្នុងករណីនេះបង្កឡើងដោយ ម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ យុវជនម្នាក់ឈ្មោះ វណ្ណ ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជាកសិករ មានទីលំនៅ ភូមិកំពង់ចម្លងលើ ឃុំតាក្រៃ ស្រុកកំរៀង ខេត្ដបាត់ដំបង ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ៥៩ ក្នុងទិសដៅពីលិចទៅ កើតមានទាំងឌុបកុមារាពីមុខផង ។ កុមារាដែលរួមដំណើរនេះឈ្មោះ ប្រុស អាយុ១០ឆ្នាំបានរងរបួសធ្ងន់ ។ មុនពេលកើតហេតុយុវជនខាងលើបានបើកម៉ូតូ ធ្វើដំណើរលើផ្លូវជាតិលេខ៥៩ លុះមក ដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ស៊េរីចាស់ ពាក់ស្លាក លេខបាត់ដំបង 1N-1580 បត់ចំពីមុខ បម្រុងចូលទៅផ្សារក៏បុកចំពេញទំហឹង ពីចំហៀងបណ្ដាលឱ្យយុវជនម្នាក់ជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចដួល បោកខ្លួនទៅនឹងចង្កូតម៉ូតូចំទ្រូងក្អួត ចេញឈាមត្រូវបានបងបង្កើតដឹកតាមម៉ូតូទៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ។
ចំណែកអ្នកបើកបរម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ជាអ្នកបង្ករងរបួស ស្រាល រីឯកុមារារងរបួសបែកមុខរលាត់ ដៃជើងធ្ងន់ត្រូវបានយកមកព្យាបាល នៅផ្ទះ ។
សមត្ថកិច្ចបានបន្ដទៀតថា ដោយ ឡែកម៉ូតូទាំងពីរគ្រឿងដែលរងការខូច ខាតស្ទើរទាំងស្រុងក្រោយពីការវាស់វែងក៏យកទៅរក្សាទុកនៅអធិការដ្ឋានស្រុក កំរៀងដើម្បីរង់ចាំដោះស្រាយទៅតាម ផ្លូវច្បាប់នៅពេលក្រោយ ៕