ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ ខណៈកំពុងឈប់ត្រង់ចំណុចស្តុប ហើយត្រូវរថយន្តកាមរីបាឡែនមួយគ្រឿងដែលបើកបញ្ច្រាសទិស ពេលមកដល់ស្តុបព្រមឈប់ស្តុប បែរបន្ថែមល្បឿន បានជ្រុលមកបុកពេញទំហឹង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចស្តុបទល់មុខព្រលានយន្តអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើមានឈ្មោះ លី ស៊ីងយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសបាក់ជើងម្ខាង មានទីលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ យឺន ភារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីយោធា រងរបួសធ្ងន់ ស្នាក់ក្នុងភូមិ សង្កាត់ជាមួយគ្នា។ ជនរងគ្រោះទាំង២នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខកណ្តាល 1N-2652
។ ចំណែករថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ
2R-6008
ក្រោយកើតហេតុព្យាយាមបើកគេច តែត្រូវសមត្ថកិច្ចស្ទាក់ឃាត់បានវិញ ។ ដោយឡែក អ្នកបើកបរបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ស្តុបមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បាន ឈប់ ខណៈនោះរថយន្តបង្កដែលបើកបរបញ្វ្រាសទិសគ្នា ពេលមកដល់ស្តុបមិនព្រមឈប់ទេ បែរជាបង្កើនល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុកម៉ូតូរបស់ជនរងគ្រោះពេញទំហឹងតែម្តង ។
បច្ចុប្បន្ន ទាំងរថយន្តនិងម៉ូតូត្រូវសមត្ថអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយ ។ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕