រាជធានីភ្នំពេញ ៖
រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកលឿនដូចហោះ ដល់ចំណុចផ្លូវបែកជាបួន មិនបន្ថយល្បឿន ក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿង យ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើង ទាំងម៉ូតូទាំងមនុស្សជាង ១០ ម៉ែត្រ រងរបួសធ្ងន់
កាលពីវេលាម៉ោង ១២និង១៥ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវបែកជាបួន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ម៉ូតូរងគ្រោះម៉ាកគុប ស៊េរី០១៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1H-1202 ធ្វើដំណើរតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កែងផ្លូវ២១៩ ស្រាប់តែមានរថយន្តពណ៌ស មិនស្គាល់ម៉ាក១គ្រឿង ធ្វើដំណើរពីត្បូងទៅជើង បើកឆ្លងផ្លូវក្នុងល្បឿនលឿន ដោយមិនបន្ថយល្បឿន ក៏បានជ្រុលទៅបុក ម៉ូតូយ៉ាងពេញទំហឹង ប៉ើងទាំងមនុស្សទាំងម៉ូតូជាង ១០ម៉ែត្រ រងរបួសធ្ងន់ ចំណែកម៉ូតូដាច់កង់មុខ ហើយខ្ទាតទៅទើជាប់តុ អ្នកលក់មីឆាក្បែរនោះ ចំណែករថយន្តបង្ក បានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល៕