រាជធានីភ្នំពេញ ៖
កម្លាំងនគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ ដែលញៀនថ្នាំ និងធ្លាប់ជាប់ពន្ធនាគារ ពីបទប៉ុនប៉ងដុតផ្ទះ និងសម្លាប់ប្រពន្ធទាំងរស់ដោយសារតែខឹងសុំលុយ ៣០០ដុល្លារ យកទៅសងគេមិនបាន បង្កឲ្យមាន
ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ២និង៣០ នាទី រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅផ្ទះលេខ១៥០ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្តីចិត្តកំណាចមានឈ្មោះ ខ្លូត វណ្ណៈ អាយុ ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ រីឯស្ដ្រីជាប្រពន្ធ ឈ្មោះ អ៊ុក ថារី អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ លក់នៅផ្ទះកើតហេតុខាងលើ ។ មុនពេលកើតហេតុ ជនបង្កបានអង្គុយហូបបាយ ហើយសុំលុយប្រពន្ធ ៣០០ដុល្លារ ដោយប្រាប់ថា យកទៅសងគេ ប៉ុន្ដែស្ត្រីជាប្រពន្ធបានឆ្លើយថា អត់មានលុយ ក៏បានដេញប្រពន្ធ ឲ្យទៅខ្ចីអ្នកជិតខាង តែប្រពន្ធមិនព្រម បង្កជាជម្លោះតែម្តង។
សាក្សីបានឲ្យដឹងថា អំឡុងពេល ឈ្លោះប្រកែកគ្នានោះ បុរសជាប្តីបានស្ទុះទៅ ទាញយកដបសាំង ចំណុះ ៥លីត្រ និងដែកកេះមួយ មកស្រោចពេញខ្លួនប្រាណ របស់ស្ត្រីជាប្រពន្ធ រួចហើយស្រោចពេញផ្ទះ ប្រុងដុតសម្លាប់ចោល។ ប៉ុន្ដែសំណាងល្អ ត្រូវអ្នកជិតខាងឃើញទាន់ ក៏រាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍និង ចាប់ឃាត់ខ្លួន ជនបង្កភ្លាមៗតែម្ដង៕