ខេត្ដកណ្ដាល ៖ បុរសម្នាក់បានរង របួសបាក់ជើងទាំងសងខាងនិងយុវជន ជាកូនបានរងរបួសបាក់ជើងម្ខាង ហើយ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនយក ទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញបន្ទាប់ពីជនរងគ្រោះទាំង២នាក់ ឪពុកកូនត្រូវបានរថយន្ដបើកបុក ពេល កំពុងជិះម៉ូតូឌុបគ្នានៅលើកំណាត់ផ្លូវ ជាតិលេខ៥ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ លើ កំណាត់ផ្លូវជាតិលេខ៥កាលពីវេលាម៉ោង ១២និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំ កំពង់ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។
មន្ដ្រីនគរបាលស្រុកពញាឮបានឱ្យ ដឹងថា ជនរងគ្រោះឈ្មោះ ផង់ សុន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាកម្មករ ផ្សារដែក (រងរបួសបាក់ជើងទាំងសង ខាង) ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយ ហ្ស៊ុយគីវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1A-2069 និងអ្នករួមដំណើរ ជាមួយមានឈ្មោះ សុន លីណា ភេទ ប្រុស អាយុ២២ឆ្នាំ (រងរបួសបាក់ជើងឆ្វេង) ។ ជនរងគ្រោះទាំង២នាក់ត្រូវជា ឪពុកកូនបង្កើតនឹងគ្នា មានទីលំនៅក្នុង ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ដ កណ្ដាល ។ ចំណែកឯរថយន្ដបង្កហេតុ ម៉ាកប៉ាហ្សេរ៉ូពណ៌ទឹកប្រាក់លាយ ខៀវ ពាក់ស្លាកលេខខេមរភូមិន្ទ ០២-២-៨២០១ បើកបរដោយឈ្មោះ សៀង សាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជា មន្ដ្រីយោធា មានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដ កណ្ដាល ។
ប្រភពដដែលបានបន្ដថា នៅមុន ពេលកើតហេតុសាក្សីបានឃើញរថយន្ដម៉ាកប៉ាហ្សេរ៉ូពណ៌សលាយខៀវពាក់ស្លាក លេខខេមរភូមិន្ទ០២-២-៨២០១ខាង លើបើកបរតាមបណ្ដោយផ្លូវជាតិលេខ ៥ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ។ ពេលបើកបរមកដល់ចំណុច កើតហេតុពុំដឹងជាមានរឿងអ្វីកើតឡើង ទេ រថយន្ដខាងលើនេះបានរេចង្កូតទៅ ខាងឆ្វេងដៃឆ្លងផុតគំនូសពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1A-2069 ដែលជិះគ្នា២នាក់ចំពីមុខ ពេញមួយទំហឹងធ្វើឱ្យម៉ូតូ និងជនរង គ្រោះខ្ទាតជាច្រើនម៉ែត្ររងរបួសបាក់ ជើងទាំង២នាក់តែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ដបង្កហេតុត្រូវបាន សមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកពញាឮ។ ចំណែកឯជនរងគ្រោះត្រូវ បានរថយន្ដសាមុយដឹកបញ្ជូនយកទៅ សង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យក្នុង រាជធានីភ្នំពេញ ។
បច្ចុប្បន្នរថយន្ដនិងម៉ូតូត្រូវបានសមត្ថ កិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕