រាជធានីភ្នំពេញ ៖
កម្មការិនីម្នាក់ ត្រូវម៉ូតូមួយគ្រឿង បើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:ដែលជនរងគ្រោះ កំពុងដើរឆ្លងផ្លូវពីលិចទៅកើត ចូលទៅក្នុងរោងចក្រ កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹក
ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវជាតិលេខ២ មុខរោងចក្រ កាត់ដេរផាកស៊ុន ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរឆ្លងផ្លូវ ពីលិចមកកើត ចូលទៅធ្វើការនៅរោងចក្រផាកស៊ុន ខណ:ដើរឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែមានម៉ូតូមួយ គ្រឿង បើកយ៉ាងលឿនក្នុងទិសដៅ ពីត្បូងទៅជើងពីតាខ្មៅ ចូលមកភ្នំពេញ ជ្រុលទៅបុកជនរងគ្រោះ យ៉ាងទំហឹងបណ្តាលឲ្យប៉ើងខ្ទាត បោកទៅនឹងថ្នល់ បាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងគួរឲ្យអាណោចអាធ័មបំផុត ។
ស្ត្រីរងគ្រោះមានឈ្មោះ ឃឹម សុខា អាយុ ៤៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាកម្មការិនី រោងចក្រផាកស៊ុន និងមានស្រុកកំណើត នៅ ភូមិ-ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកជនបង្កមានឈ្មោះ គន់ វ៉ន ភេទប្រុស អាយុ ២៣ឆ្នាំ ជាកម្មករ មានស្រុកកំណើត នៅភូមិ-ឃុំ ពោធិ៍រៀង ខេត្តព្រៃវែង ជិះម៉ូតូសេ១២៥ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-9668 បានឲ្យដេងថា ខ្លួនប្រញាប់ទៅធ្វើការ ទើបបើកបរក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកជនរងគ្រោះ ស្លាប់តែម្តង៕