ខេត្តបាត់ដំបង ៖
កូនអ្នកមានលុយមានអំណាច អាងឪពុករបស់ពួកគេ ធ្វើជាមន្ត្រីគយរដ្ឋាករ និងអាវុធហត្ថ បានដេញកាប់កូនអ្នកទន់ខ្សោយ ផ្អើលពេញក្រុងបាត់ដំបង កាលពីវេលាម៉ោង ២យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយដោយសារ
តែក្រុមទំនើងទាំងនោះ សុទ្ធតែចាកូនអ្នកមានអំណាច នាំឲ្យនគរបាលពិបាកធ្វើការ រហូតដល់វេលាម៉ោង ៣រសៀល ថ្ងៃដដែល សមត្ថកិច្ច អាវុធហត្ថក្រុងបាត់ដំបង ចាប់បានជនសង្ស័យ ហើយក៏ដោះលែងវិញ ដោយសារមានអន្តរាគមន៍ច្រើនពេក។
ឈ្មោះ នាក់ ណាត់ អាយុ ៥០ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង និងជាអាណាព្យាបាលជនរងគ្រោះ បានអោយដឹងថា កូនប្រុសដែលរងគ្រោះ មានឈ្មោះ ណាត់ ដាវី អាយុ ២២ឆ្នាំ បានរងរបួសដៃឆ្វេង និងសៀតថ្កាឆ្វេងដល់ថ្គាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនិងបុរសម្នាក់ទៀតឈ្មោះ ទៀប វិសាល អាយុ ២៣ឆ្នាំ របួសស្រាល ជាកូនប្រុសលោក ទៀប រី ស្នងការរងទទួលបន្ទុក កម្លាំងអន្តរាគមន៍ ហើយជនរងគ្រោះ ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ គ្មានស្លាកលេខ។ ចំណែកជនបង្កមានគ្នា ៣នាក់ ក្នុងនោះម្នាក់ជាកូន លោក ប៉ោ វិចិត្រ មេបញ្ជាការអាវុធហត្ថក្រុងបាត់ដំបង និងគូកនជាកូនមន្ត្រីគយរដ្ឋាករ មានដាវសាម៉ូរ៉ៃ ជិះម៉ូតូម៉ាក SZ4147 ពណ៌ក្រហម និងរថយន្ត១ គ្រឿង ពាក់ស្លាកលេខ ៤៤៤៩។
ជនរងគ្រោះឈ្មោះ ណាត់ ដាវី បានអោយដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ ២គ្រឿង មានគ្នា ៥នាក់ ពីកើតទៅលិច គឺពីរង្វង់មូល តាដំបងគ្រញូង ទៅស្ពានសម្តេច ពេលជិះម៉ូតូដល់មុខសណ្ឋាគារ គ្រីនផាក ក៏មានម៉ូតូមួយគ្រឿងធុន SZ ជិះមកឆាបហើយទាញខ្សែក្រវ៉ាត់ពេលនោះខ្លួន ក៏ឈប់ហើយពួកគេ ក៏ជិះបន្តទៅមុខបាត់។ ពេលនោះឈ្មោះ ណាត់ ដាវី ក៏នាំឈ្មោះ ហ៊ីង ទៅផ្ទះនៅផ្សារ១៣មករា និងម៉ូតូមួយគ្រឿងទៀតបែកគ្នា ពេលជិះត្រឡប់មកវិញ ដល់មុខតុលាការស្រាប់តែឮសំឡេងម៉ូតូ ជនសង្ស័យ តាមមកពីក្រោយស្រែកថា កាប់ៗពួកវាអោយងាប់ ហើយពួកវាក៏កាប់ត្រូវឈ្មោះ ណាត់ ដាវី ដែលជិះពីក្រោយចំសៀតថ្កា និងដៃ។
ចំណែកឈ្មោះ ទៀប វិសាល រហែកអាវជាច្រើនជាន់ របួសស្រាល ចំណែកម៉ូតូពួកវា កាប់ខ្ទេចអស់។ ពេលដែលជនសង្ស័យដេញកាប់ ជនរងគ្រោះបានរើបំរាស់ រត់បែកផ្លូវគ្នាជាមួយឈ្មោះ វិសាល ចូលក្លិបកំសាន្ត អូមេហ្កា ហើយទូរស័ព្ទអោយឈ្មោះ វិសាល មកយកទៅផ្ទះ។ ឈ្មោះ វិសាល បានដូរម៉ូតូនិងស្លៀកពាក់ខោអាវថ្មីរុំមុខ ជិះមកដឹកឈ្មោះ ណាត់ ដាវី ចេញពីក្លិប អូមេហ្កា តែពេលនោះក្រុមបង្កបានដឹង ក៏បើកម៉ូតូដេញកាប់ទៀត ទើបឈ្មោះ ណាត់ ដាវី បានបោះអាវប្រឡាក់ឈាម ទុកក្បែរសាលា២ធ្នូ ហើយរត់ពួន។ ពេលនោះក្រុមរថយន្ត និងម៉ូតូរបស់ជនបង្ក បានបញ្ចាំងភ្លើងស្ទាក់ មិនអោយឈ្មោះ វិសាល ចូលយក បើហ៊ានចូលពួកវាឃើញ កាប់ឲ្យស្លាប់។ លុះភ្លឺស្រាងៗទើបឈ្មោះ វិសាល ដឹកទៅកាន់មន្ទីរពេទ្យ។
ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាល បានអោយដឹងថា អាវុធហត្ថក្រុងបាត់ដំបង បានចាប់ឃាត់ខ្លួនជនបង្ក វាយដាក់ខ្នោះ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្សា១៣មករា រួចដោះលែងជនសង្ស័យភ្លាមៗ។ មន្ត្រីថ្នាក់តូចតាច បានរិះគន់ថា រឿងកូនអ្នកធំវាយកាប់គេ មិនមាននរណាហ៊ានចាប់ឃាត់ទេ ទុកអោយពួកវា កាប់កូនប្រជាពលរដ្ឋស្លូតត្រង់ងាប់អោយអស់ទៅ តែបើកូនប្រជាពលរដ្ឋ ឈ្លោះទាស់ទែងគ្នា បន្ថែមភស្តុតាងដាក់បន្ទុក អោយវាជាប់គុក ដើម្បីលើកស្នាដៃ ដែលខិតខំបង្ក្រាបបាន៕