មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីមានការចាប់អារម្មណ៍ថា
ហាងសម្អាងការរបស់អ្នកនាងកែវពេជ្រពិសី
ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សី
នៅជិតស្ដុបពន្ធដារទួលគោក ស្រាប់តែត្រូវបិទទ្វារទម្លាក់ផ្លាកចោល។
ពាក់ព័ន្ធនឹងការបិទហាងដោយស្ងាត់ៗនេះ អ្នកនាងជាម្ចាស់ហាង
បានប្រាប់ពីមូលហេតុ ដើម្បីបញ្ចប់នូវការភាន់ច្រឡំថា
នាងក្ស័យធនមុខជំនួញ។
មានការចោទសួរយ៉ាងច្រើន នៅពេលហាងសម្អាងការរបស់កែវពេជ្រពិសី នៅលើ
បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្រាប់តែត្រូវបានបិទទ្វារ
កាលពីប៉ុន្មានថ្ងៃមុន។ ប្រភពពីអ្នកជិតខាងបានប្រាប់ឲ្យដឹងថា
កែវពេជ្រពិសី បិទហាងនោះចោលហើយ បន្ទាប់ពីម្ចាស់ទីតាំងនោះ
បានកំណត់តម្លៃឡើងថ្លៃ
ដោយមិនមានការស្វែងរកទីតាំងថ្មីមកជំនួសនោះឡើយ។ ការបិទហាងនេះ
យ៉ាងហោចមានអ្នកបានទទួលដំណឹងជាងពាក់កណ្ដាលភ្ញាក់ផ្អើល
និងចោទសួរដោយការយល់ឃើញផ្សេងៗ ខណៈដែលអ្នកនាងត្រូវគេមើលឃើញថា
កំពុងជោគជ័យក្នុងសិល្បៈ និងមានទីផ្សារកាន់តែប្រសើរ
ប៉ុន្តែបែរជាត្រូវរួមតូចនូវមុខជំនួញ។ ទោះយ៉ាងណា
ទីតាំងសម្អាងការរបស់នាងមួយកន្លែងទៀត ដែលស្ថិតនៅផ្សារទួលគោគ
នៅតែបានដំណើរការជាធម្មតានោះទេមកទល់នឹងពេលនេះ។
កែវ ពេជ្រពិសី និយាយថា បញ្ហាឡើងថ្លៃផ្ទះ
និងកត្តាមិនមានពេលគ្រប់គ្រាន់មើលហាង២ព្រមគ្នា
គឺជាហេតុផលដែលនាងសម្រេចបិទហាងចោលមួយ។
ការបិទទ្វារហាងជាប់ផ្លូវធំ ហើយទុកតែហាងផ្លូវក្នុង
ដែលត្រូវគេមើលឃើញថាចំប្លង់មិនល្អដូចគ្នានេះ
ត្រូវអ្នកនាងទទួលស្គាល់ថា ជាការរួមតូចនៃអាជីវកម្ម
ដែលផ្ទុយទាំងស្រុងពីការប្រកាន់ជំហររបស់នាងកាលពីមុន។
ក្នុងពេលដំណើរការហាងទី២ អ្នកនាងនិយាយថា
ហាងធំនៅផ្លូវសហព័ន្ធរូស្ស៊ី
នឹងរៀបចំឲ្យក្លាយជាហាងសម្អាងការកាន់តែធំ
រីឯហាងនៅម្ដុំផ្សារទួលគោក គ្រាន់តែជួលដើម្បីស្ដុកឥវ៉ាន់
និងទុកបើកសាឡន និងអ៊ុតសក់ ដើម្បីធ្វើជាអាជីពទី២ប៉ុណ្ណោះ។
ក្រោយការបញ្ជាក់ភ្លាមៗ អ្នកនាងបានចំណាយប្រាក់ច្រើនពាន់រៀបចំហាងធំដែលទើបបិទទ្វារ
ឲ្យមានទូកញ្ចក់ និងភ្លើងពណ៌យ៉ាងប្រណីត
ដោយមិនទំនងថាគួរនឹងបិទទ្វារចោលដោយមិនស្ដាយប្រាក់កែកុននោះសោះ
។ កែវ ពេជ្រពិសី ប្រាប់ថា ការផ្លាស់ប្ដូរជំហររបស់ខ្លួន
គឺដើម្បីកាត់បន្ថយចំណាយ
និងដើម្បីមានពេលពេញលេញមើលការខុសត្រូវទៅលើមុខជំនួញសម្អាងការ
និងហាងសាឡន ឲ្យបានរឹងមាំតែប៉ុណ្ណោះ។ មកទល់ពេលនេះទីតាំងហាងសាឡន
របស់កែវពេជ្រពិសី បានប្រែក្លាយជាហាងសម្អាងការផង
និងជាហាងសាឡនផង
ដែលមិនខុសពីការបង្រួមហាង២ដែលធ្លាប់នៅដាច់ពីគ្នា
ឲ្យស្ថិតនៅលើទីតាំងតែមួយ។ អ្នកនាងបដិសេធក្ស័យធន
ដែលនាំឲ្យខ្លួនសម្រេចបិទចោលហាងមួយ ដែលជាប់ផ្លូវធំ
ហើយទុកតែហាងផ្លូវក្នុង ដែលស្ថិតនៅផ្សារទួលគោក។ អ្នកនាងនិយាយថា
«
ការបិទចោលទីតាំងចាស់ ពិតជាស្ដាយមែន ព្រោះទីនោះជាប់ផ្លូវធំ
ហើយមានគេជិះកាត់ច្រើន ប៉ុន្តែបើខ្ញុំនៅតែបន្តទុកហាងទាំងពីរ
គឺពិតជាគ្មានពេលមើលថែទេ
ទើបគិតថាត្រូវទុកតែមួយដើម្បីមានពេលពង្រឹងទាំងផ្នែកសម្អាងការ
និងសាឡន ឲ្យបានល្អវិញ!»។
យ៉ាងណាមិញ អ្នកនាងនឹងមានគម្រោងស្វែងរកទីតាំងផ្លូវធំ
ដើម្បីទុកបើកសម្អាងការជំនួសឲ្យការបិទទ្វារនេះវិញក៏ថាបាន
ប្រសិនបើមើលឃើញថា ទីតាំងនៅផ្សារទួលគោក ដែលអ្នកនាងជម្រើសយក
ធ្វើឲ្យបាត់ភ្ញៀវដែលធ្លាប់គាំទ្រ ក្រោយការបិទចោលហាងធំ។
កែវ ពេជ្រពិសី ប្រាប់ថា
អាជីពសម្អាងការជាអាយុជីវិតរបស់គ្រួសារខ្លួន។ ដូច្នេះទោះ
ជាប្រឹងវារប្រឹងលូនប៉ុណ្ណា ក៏មិនអាចបណ្ដោយឲ្យមុខរបរនេះ
ដួលរលំនោះដែរ។ អ្នកនាងចាត់ទុកថាការបិទចោលហាងមួយ
គ្រាន់តែជាយុទ្ធសាស្ត្រមួយផ្នែក
ដែលអាចឲ្យអ្នកនាងមានឱកាសមើលខុសត្រូវមុខរបរពីរដោយមិនខ្វល់ឆ្លារ
ចុះឆ្លារឡើង និងប្រមូលយកថវិកាដែលធ្លាប់ចំណាយ យកមកពង្រីកហាងទី២
ឲ្យកាន់តែមានការចាប់អារម្មណ៍ប៉ុណ្ណោះ។ ទន្ទឹមការទទួលចម្លើយនេះ
វានៅតែជារឿងចាប់អារម្មណ៍ដដែល បន្ទាប់ពីអ្នកនាង
សម្រេចចិត្តបិទចោលហាងជាប់ផ្លូវធំ ដោយទុកតែហាងផ្លូវក្នុង
ដែលត្រូវគេមើលឃើញថា មិនមានឥទ្ធិពលបើកមុខដូចទីតាំងចាស់បែបនេះ៕