ភ្នំពេញ ៖ បុរសជនជាតិកូរ៉េ២នាក់ស្រវឹងស្រាជោកជាំ ដែលទើបតែចេញពីក្លឹបកំសាន្តបានបើករថយន្តម៉ាកលុចស៊ីស RX300 មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលបុករថយន្ត៤គ្រឿងទៀតដែលចតស្ងៀម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតកើតឡើងកាលពីវេលាម៉ោង២២និ៥០នាទីយប់ ថ្ងៃទី១៧ ខែកុម្ពៈ ឆ្នាំ២០១៤ នៅចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសាក្សីនៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្តលុចស៊ីស RX300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-9596 បើកបរដោយបុរសជនជាតិចិន២នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតក៏ជ្រុលបុករថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-3713 ហើយបានរុញទៅប៉ះរថយន្ត៣គ្រឿងទៀត ទី១-ម៉ាកតូរីស ពណ៌ស្លែ ពាក់ស្លាក់លេខភ្នំពេញ 2P-1311,ទី២-រថយន្តម៉ាកកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2K-2951 និងទី៣ ម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2C-6669 ដែលចតស្ងៀម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
បន្ទាប់មក សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ និងធ្វើការវាស់វែង នាំយករថយន្តទាំង៥គ្រឿង រួមទាំងអ្នកបើកបររថយន្តបង្កមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយបន្ត ៕