រាជធានីភ្នំពេញ ៖
យុវជនម្នាក់ត្រូវបាន នគរបាលឃាត់ខ្លួន បន្ទាប់ពីម្ចាស់បន្ទប់ជួល ប្តឹងចោទប្រកាន់ថា ជាចោរគាស់បន្ទប់ លួចយករបស់របរមួយចំនួន ប៉ុន្តែបើតាមជនសង្ស័យវិញ បាននិយាយថា ខ្លួនអត់ដឹងអីទេ គឺមកផឹកស៊ីជាមួយ ប្អូន
ម្ចាស់បន្ទប់ រួមជាមួយមិត្តភក្តិផ្សេងទៀត ហើយស្រវឹងខ្លាំងពេក ក៏ដេកនៅកន្លែងផឹកតែម្តងទៅ ស្រាប់តែម្ចាស់បន្ទប់មកដល់ ស្រែកឡូឡារួចហើយចាប់ខ្លួន ដោយចោទថា ជាចោរគាស់បន្ទប់ បាត់របស់របរមួយចំនួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងបន្ទប់ជួល របស់ជនរងគ្រោះ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ យឿម សុវណ្ណា ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិបាឡាត ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និងទី២ ឈ្មោះ យឿម សម្រេច ភេទប្រុស អាយុជាង ២០ឆ្នាំ ស្នាក់នៅបន្ទប់ជាប់គ្នា ត្រូវជាបងប្អូនបង្កើតនឹងគ្នា ។ ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យពុំបានលួច របស់មានតម្លៃនោះទេ គឺគ្រាន់តែលួចដង្គៀប គាបសក់ឲ្យត្រង់ និងហែកអត្តសញ្ញាណប័ណ្ណចោល មិនដឹងជាហេតុអ្វីនោះទេ ចំណែកឯរបស់របរ មានតម្លៃដូចជាទូរទស្សន៍ ឬក្បាលចាក់ស៊ីឌី ជនសង្ស័យពុំប៉ះពាល់នោះឡើយ ប៉ុន្តែជនសង្ស័យ តែងតែពាក់ម៉ាស ដើរធ្វើសកម្មភាព មិនលោះពេលឡើង ទើបតែពេលនេះទេ ម្ចាស់មកទាន់ឃើញនៅក្នុងបន្ទប់ ក៏ឃាត់ខ្លួនតែម្តងទៅ ។
បើតាមជនសង្ស័យ រៀបរាប់ប្រាប់នគរបាលវិញ បានឲ្យដឹងថា ខ្លួនអត់ដឹងអីទេ មិនមែនជាចោរគាស់បន្ទប់នោះទេ ហើយការដែលដេក នៅក្នុងបន្ទប់នោះ គឺដោយសារតែខ្លួន ស្រវឹងខ្លាំងពេក ទៅមិនរួច ពីព្រោះកាលពីថ្ងៃ ប្អូនរបស់ម្ចាស់បន្ទប់ រួមទាំងមិត្តភក្តិផ្សេងទៀត បានបបួលគ្នា មកផឹកស៊ីនៅក្នុងបន្ទប់ជួល កន្លែងកើតហេតុ ពេលម្ចាស់បន្ទប់មកដល់ ស្រែកឡូឡា ប្អូនរបស់ម្ចាស់បន្ទប់ រួមទាំងមិត្តភក្តិមួយចំនួនទៀត រត់ចែកជើងគ្នា បាត់អស់ទៅ នៅសល់តែខ្លួន ស្រវឹងទៅណាមិនរួច ក៏ត្រូវម្ចាស់បន្ទប់ឃាត់ខ្លួន រួចហើយចោទប្រកាន់ថា ជាចោរគាស់បន្ទប់ ដោយបាត់របស់របរមួយចំនួន ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ជនសង្ស័យត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីធ្វើការស្រាវជ្រាវបន្ត ស្វែងរកហេតុផលពិតប្រាកដ ៕