ខេត្តសៀមរាប ៖
យ៉ាងហោចណាស់មនុស្ស ២នាក់ ជាអតីតប្តីប្រពន្ធនឹងគ្នា បានស្លាប់ក្នុងអណ្តាតភ្លើង ចំណែកកូនប្រុស-ស្រី ២នាក់ រងរបួសស្រាល នៅក្នុងអំពើហិង្សាក្នុងគ្រួសារ កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤
ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងក្រុមទី៨ ភូមិកសិកម្ម សង្កាត់ស្រងែ ជាយក្រុងសៀមរាប ខណៈបុរសជាអតីតប្តី បានបរាជ័យទៅនឹងសំណើ សុំជួបជុំប្រពន្ធកូនវិញ ក៏រៀបចំគម្រោងការ គំរាមស្ត្រីជាប្រពន្ធ ដោយទិញប្រេងសាំង ចាក់នៅជុំវិញផ្ទះឱ្យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ធ្វើ ឱ្យអតីតប្តីប្រពន្ធទាំង ២នាក់ ត្រូវស្លាប់ក្នុងភ្លើង យ៉ាងវេទនាបំផុត ។
សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ងី រស្មី ភេទស្រី អាយុ ២៨ឆ្នាំ ជាប្រពន្ធបានស្លាប់ភ្លាមៗ នៅក្នុងអណ្តាតភ្លើង ទាំងកណ្តាលរាត្រី ។ ដោយឡែកបុរស ជាអតីតប្តីឈ្មោះ លឿម ហាំ អាយុ ៤៣ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង រងរបួសធ្ងន់ រលាករលួយពេញរាងកាយ និងបានស្លាប់ ដោយសារក្រុមគ្រូពេទ្យ ពុំមានលទ្ធភាពជួយសង្គ្រោះ ព្រោះឆេះរលួយស្ទើរឆ្អិនខ្មៅ ទៅហើយនោះ។ ចំណែកកូនតូចៗទាំង ២នាក់ ដែលរងរបួសស្រាលម្នាក់ឈ្មោះ លឿម សុខហម ភេទស្រី អាយុ ១០ឆ្នាំ និងម្នាក់ទៀតឈ្មោះ លឿម សីហា ភេទប្រុស អាយុ ៦ឆ្នាំ ។
ប្តីប្រពន្ធនេះបានសម្រេច លែងលះ និងស្នាក់នៅផ្សេងគ្នា អស់រយៈពេល ជិតមួយឆ្នាំមកហើយ ប៉ុន្តែបុរសជាប្តី នៅមិនអស់ចិត្តនឹងប្រពន្ធកូន ចេះតែសុំជានាគ្នាវិញ ហើយនៅក្បាលព្រលប់ មុនពេលកើតហេតុ បុរសជាអតីតប្តី បានហៅតាមទូរស័ព្ទ មកសុំប្រពន្ធ ផ្សះផ្សាម្តងទៀត តែត្រូវនាងបដិសេធដដែល ។ លុះដល់វេលាម៉ោង ១២យប់ បុរសជាប្តីក៏លបមកផ្ទះប្រពន្ធ ដោយបានទិញប្រេងសាំង មកចាក់នៅបរិវេណជុំវិញផ្ទះ ដើម្បីគំរាមប្រពន្ធ ហើយដុតបណ្តាលឲ្យឆាបឆេះ សន្ធោសន្ធៅ ហើយស្ត្រីជាប្រពន្ធក៏ស្ទុះចេញ មកក្រៅផ្ទះ ខណៈនោះបុរសជាអតីតប្តី ក៏បានចាប់ឱបស្ត្រីជាប្រពន្ធ ផ្តួលទៅលើដី និងរមៀលចូលទៅក្នុងអណ្តាតភ្លើង ដែលកំពុងតែឆាបឆេះ ដូចដុតសម្លាប់ខ្លួនទាំងរស់៕