រាជធានីភ្នំពេញ ៖
ក្រុមអនុរក្ស មណ្ឌលអប់រំកែប្រែទី១ បានចាប់ឃាត់ខ្លួនស្ត្រីមាឌធំម្នាក់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រៃវែង ពាក់ព័ន្ធបទល្មើស បន្លំនាំគ្រឿងញៀន ចូលក្នុងពន្ធនាគារព្រៃស កាលពីវេលាម៉ោង ១៥និង៤០ នាទីរសៀលថ្ងៃទី៥ ខែកុម្ភះ
ឆ្នាំ២០១៤ ក្នុងមណ្ឌល១ ខណៈដែលសុំចូល សួរសុខទុក្ខសាច់ញាតិ ដែលកំពុងជាប់ឃុំ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលត្រូវឃាត់ខ្លួន មានឈ្មោះ ចាន់ ស៊ីធឿន អាយុ ៤២ ឆ្នាំ បានជិះម៉ូតូ មកឈប់ នៅមុខពន្ធនាគារ ព្រៃស ហើយបានសុំមន្ត្រីអនុរក្ស ចូលទៅសួរសុខទុក្ខបងប្អូន ដែលជាប់ឃុំ ក្នុងមណ្ឌល១ ហើយក្រុមអនុរក្ស មានការសង្ស័យ ក៏សុំឆែកឆេរ ក៏ប្រទះឃើញ ថ្នាំញៀនក្រាមសថ្លា ៣ កញ្ចប់តូច បន្លំដាក់ចូលជាមួយ នឹងថង់ច្រកស្ករគ្រាប់ ទើបឃាត់ខ្លួន ស្ត្រីឈ្មោះ ចាន់ ស៊ីធឿន យកទៅប្រគល់ឲ្យ នគរបាល ប៉ុស្តិ៍ព្រៃវែង ដើម្បីកសាងសំណុំរឿង ។
មន្ត្រីអនុរក្សពន្ធនាគារ បានឲ្យដឹងថា ស្ត្រីសង្ស័យនោះ ចូលសួរសុខទុក្ខ ប្អូនប្រុសជីដូនមួយ មានឈ្មោះ មុយ ចំរ៉ុង អាយុ ២៦ឆ្នាំ រស់នៅស្រុកសំរោង ខេត្តតាកែវ ជាប់ចោទពីបទលួច មានស្ថានទម្ងន់ទោស ឃុំខ្លួនតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ ដោយឡែក ឈ្មោះ ចាន់ ស៊ីធឿន អាយុ៤២ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅភូមិព្រែកតាប្រាក់ សង្កាត់តាលន់ ស្រុកស្អា ង ខេត្តកណ្តាល ត្រូវសមត្ថកិច្ចធ្វើការសាកសួរបន្ថែម មុនពេលបញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់៕