ខេត្តបាត់ដំបង ៖
សមត្ថកិច្ចនគរបាល ស្រុកសំពៅលូន បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៥ នាក់ និងថ្នាំញៀនយ៉ាម៉ា ៣៤ គ្រាប់ ជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុច ភូមិត្រពាំងព្រលិត
ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង ពីបទជួញដូរគ្រឿងញៀន បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោក ពេជ្រ សារ៉ែន អធិការនគរបាល ស្រុកសំពៅលូន បានឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួន ស្ត្រីម្នាក់ឈ្មោះ ប៊ុត ស្រីអូន អាយុ ៣២ឆ្នាំ មុខរបរកម្មករ ដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ា ដែលលាក់នៅនឹងខ្លួន ចំនួន ១៥ គ្រាប់ កាលពីម៉ោង ១១និង៥០ នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ។ ក្រោយពីសួរចម្លើយ ស្ត្រីសង្ស័យឈ្មោះ ប៊ុត ស្រីអូន សមត្ថិច្ចបានឈានទៅ ឃាត់ខ្លួនមនុស្ស ៤នាក់ទៀត មានប្រុស ៣នាក់និងស្ត្រីម្នាក់។
ជនសង្ស័យទី១-ឈ្មោះ សុខ រិទ្ធ អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិគីឡូ១៣ ឃុំសន្តិភាព រឹបអូសបាន ថ្នាំញៀនយ៉ាម៉ា ចំនួន ៧គ្រាប់ ទី២-ឈ្មោះ ចិក ប៉ក់ អាយុ ២៧ឆ្នាំ រឹបអូសបាន ថ្នាំញៀនយ៉ាម៉ា ចំនួន ៥គ្រាប់ ទី៣-ឈ្មោះ ចៅ ណារិទ្ធ អាយុ ២៣ឆ្នាំ ជាអ្នកប្រើប្រាស់ ស្នាក់នៅភូមិពោធិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន និងទី៤-ស្ត្រីឈ្មោះ សិត ស្រីវន អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន រឹបអូសបាន ថ្នាំញៀនយ៉ាម៉ា ចំនួន ៧គ្រាប់ ។
លោក ពេជ្រ សារ៉ែន អធិការនគរបាល ស្រុកសំពៅលូន បានបានបញ្ជាក់ថា ជនសង្ស័យទាំង ៥នាក់ និងថ្នាំញៀនប្រភេទ យ៉ាម៉ា ៣៤គ្រាប់ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង ពីបទជួញដូរ គ្រឿងញៀនខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីចាត់ការបន្ត តាមនីតិវិធី ៕ ដោយ សុខជា