ខេត្តបន្ទាយមានជ័យ ៖
មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងដាច់ដោយឡែកពីគ្នា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលករណីទី១ បណ្តាលមកពីបើកម៉ូតូ ចេញពីផ្ទះមិនប្រយ័ត្ន
បុកជាមួយម៉ូតូ និងករណីទី២ ផ្តើមចេញមកពីក្មេងស្ទាវ ២ក្រុម បើកម៉ូតូវ៉ាជែងគ្នា ទៅប៉ះនិងរថយន្តក្រុង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ចំនួន ៤នាក់ និងស្រាលម្នាក់ ។
ករណីទី១ នៅវេលាម៉ោង ១០និង១៥ នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលភ្លើងលេខ ០២៧២-០២៧៣ ស្ថិតក្នុងភូមិគោកលុន ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ឈ្មោះ ប៊ុន គឹមលី ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ បើកបរម៉ូតូម៉ាក ហុងដាធុនសេ១០០ ស៊េរីចាស់ ពណ៌ទឹកប៊ិច។
ម៉ូតូជនរងគ្រោះខាងលើ ត្រូវបានម៉ូតូ ម៉ាកយ៉ាម៉ាហា ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ ប.មានជ័យ 1G.7512 បើកបរដោយឈ្មោះ គឹម សុហេង ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិគោកលន់ ឃុំជប់វារី បានបើកម៉ូតូចេញពីផ្ទះ មិនមើលឆ្វេងស្តាំ ក៏បុកជាមួយម៉ូតូ ជនរងគ្រោះឈ្មោះ ប៊ុន គឹមលី ដែលកំពុងធ្វើដំណើរ នៅលើផ្លូវជាតិលេខ៦ បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឈ្មោះ គឹម សុហេង របួសស្រាល និងខូចខាតម៉ូតូតិចតួច។
ដោយឡែកនៅវេលាម៉ោង ៤និង១១ នាទីល្ងាចថ្ងៃដដែល នៅចំណុចលើស្ពានថ្ម ស្ថិតក្នុងភូមិព្រៃមាន់ ឃុំរហាល មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយផ្សេងទៀត ដោយមានម៉ូតូចំនួន ២គ្រឿង បានបើកវ៉ាជែងគ្នា ជ្រុលទៅប៉ះនិងរថយន្ត ដឹកអ្នកដំណើរធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 3A.1426 ដែលបើកស្របទិសគ្នា ពីកើតទៅលិច បណ្តាលឲ្យដួលទៅលើទ្រូងថ្នល់ បោកក្បាលស្លាប់ម្នាក់ របួសធ្ងន់ទាំង ៣នាក់ មានអ្នកបើកបរ និងអ្នករួមដំណើរ ត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ ។
ក្នុងករណីនេះ អ្នកបើកម៉ូតូមួយគ្រឿង មានឈ្មោះ ឆាត ផាត់សែន ភេទប្រុស អាយុ ១៧ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ ស សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ របួសធ្ងន់ ទាំង ២នាក់ រស់នៅភូមិសាលាឆេះ ឃុំរហាល ឯអ្នកបើកម៉ូតូ មួយគ្រឿងទៀត ឈ្មោះ ជា ភើយ ភេទប្រុស អាយុ ២០ឆ្នាំ បានស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរឈ្មោះ រ៉ុម ថា ភេទប្រុស អាយុ ២២ឆ្នាំ របួសធ្ងន់ ទាំង ២នាក់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។ ចំណែកអ្នកបើកបររថយន្ត មានឈ្មោះ សាក់ សំអាត ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិសាឡាំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕