ខេត្តកំពង់ចាម ៖
រថយន្តដឹកចេកបានបើកបុកស្ត្រី ២នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង ៦និង៤០ នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ
ឆ្នាំ២០១៤ ត្រង់ចំណុចថ្នល់ដាច់ ខាងត្បូងសាលាស្រុកបាធាយ ស្ថិតក្នុង ភូមិ-ឃុំ-ស្រុក បាធាយ ខេត្តកំពង់ចាម ។
ស្ត្រីរងគ្រោះមានឈ្មោះ ធន រ័ត្ន អាយុ ២២ឆ្នាំ រស់នៅភូមិ ដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកឌុប និងស្ត្រីម្នាក់ទៀត ដែលជិះពីក្រោយមានឈ្មោះ ណេ សុង អាយុ ៣០ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា ។ ស្ត្រីរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-1788 ជារថយន្តដឹកចេក ក្រោយបង្កហេតុ អ្នកបើកបររត់គេចខ្លួនបាត់ ។
រថយន្តត្រូវគេដឹងថា មានម្ចាស់ឈ្មោះ ជឹម គឹមហ៊ាង ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះទាំង ២នាក់បានជិះម៉ូតូឌុប គ្នាតាមផ្លូវជាតិលេខ៦ ដោយស្ថានភាពផ្លូវហុយ មើលផ្លូវមិនសូវឃើញ និងជាចំណុចថ្នល់បត់ផងនោះ ធ្វើឲ្យស្ត្រីអ្នកបើកបរ វាក់នឹងស្លាកសញ្ញាវាងផ្លូវ បណ្តាលឲ្យ ដួលខ្ទាត ចូលទៅចំណែកផ្លូវម្ខាង ។
ពេលនោះ រថយន្តដឹកចេក បានបើកមកដល់ កិនស្ត្រីរងគ្រោះទាំង ២នាក់ បណ្តាលឲ្យស្លាប់ភា្លមៗ នៅនឹងកន្លែងតែម្តង ហើយដោយឃើញ សភាពមិនស្រួល អ្នកបើកបររថយន្តដឹកចេក បានចតរថយន្តចោល រួចរត់គេចខ្លួន បាត់ស្រមោលតែម្តង ។ សមត្ថកិច្ចមូលដ្ឋាន បានចុះ ទៅវាស់វែងនៅកន្លែងកើតហេតុ និងប្រគល់សាកសព ស្ត្រីរងគ្រោះទាំង ២នាក់ជូន ក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕
