ខេត្ដព្រះសីហនុ ៖ ប្រពន្ធលោក នៅ គា ម្ចាស់ទូកនេសាទដែលរងគ្រោះលិច ដោយសារកប៉ាល់ដឹកកុងតឺន័របើកបុកលិចកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមកបានប្រាប់នគរវត្ដថា គាត់ខាតបង់ទ្រព្យសម្បត្ដិអស់ជាច្រើន ដោយសារ ទូកនេសាទគាត់លិចតែសំណាងល្អពុំមាន កម្មករទូកនេសាទណាម្នាក់ស្លាប់បាត់ បង់ជីវិត ។ ករណីនេះពួកគាត់មិនទាន់បាន ដាក់ពាក្យបណ្ដឹងនៅឡើយទេ ដោយមាន ការសន្យានិងដោះស្រាយសំណងពីលោក ថោង វីរ៉ូ ប្រធានសន្ដិសុខកំពង់ផែ ស្វយ័តខេត្ដព្រះសីហនុ។ប្រការនេះពួក គាត់ព្រួយបារម្ភនឹងសំណងនោះណាស់ ។
ស្ដ្រីម្ចាស់ទូករូបនេះបានរៀបរាប់ បន្ដថា មុនដំបូងគាត់ចង់ដាក់ពាក្យ បណ្ដឹងដែរ ប៉ុន្ដែលោក ថោង វីរ៉ូ ប្រធាន សន្ដិសុខកំពង់ផែស្វយ័តខេត្ដព្រះសីហនុ បានចេញមុខមកប្រាប់គាត់ថា កុំប្ដឹង ផ្ដល់អីយើងមិនឈ្នះគេទេ ព្រោះកប៉ាល់គេ ជាកម្មសិទ្ធិរបស់ជនបរទេស គឺរង់ចាំ កប៉ាល់នោះវិលមកវិញគាត់ (លោក ថោង វីរ៉ូ) និងទំនាក់ទំនងសុំលុយកាក់ គេបន្ដិចបន្ដួចដើម្បីជួលជុលទូកឡើង វិញនោះបើគេអាណិតយើង ។
មន្ដ្រីកំពង់ផែស្វយ័តខេត្ដព្រះសីហនុម្នាក់បានប្រាប់ថា ជនរងគ្រោះចាញ់ ល្បិចគេហើយ បើតាមច្បាប់កំពង់ផែក ប៉ាល់ចេញចូលដែលបង្កបញ្ហាមិនអាចចាកចេញពីកំពង់ផែបានទេ ។ លុះត្រាតែ មានដំណោះស្រាយរួចរាល់ទើបអនុញ្ញាត បានដូចនេះជនរងគ្រោះគួរតែដាក់ពាក្យប្ដឹងជាបន្ទាន់ ទើបបានសំណង ។
កម្មករទូកនេសាទរងគ្រោះឈ្មោះ ទុយ សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅផ្ទះម្ចាស់ទូករងគ្រោះនៅតំបន់ ទំនប់រលកក្នុងភូមិ៣សង្កាត់លេខ១ក្រុង ព្រះសីហនុនិងមានស្រុកកំណើតនៅភូមិត្រញំងព្រីង ឃុំបន្ទាយមាស ខាងកើត ស្រុកបន្ទាយមាស ខេត្ដកំពតមិនរំពឹងថា រស់នោះទេ ព្រោះគាត់មិនសូវចេះហែល ទឹក ។ ប៉ុន្ដែពេលកប៉ាល់នោះបុកពីក្រោយ ទូកគាត់បានលិចសន្សឹមៗអាចរកសម្ភារ ឱបហែលទឹកបាននិងគាប់ជួនពេលលិច នោះក៏មានទូកដរត់ដឹកទំនិញចេញចូលតំបន់ទំនប់រលកក៏មកដល់ក៏បានជួយ សង្គ្រោះទាន់ពេលវេលាផងដែរ ។
លោក ទុយ សុគន្ធ បានបញ្ជាក់ថា កប៉ាល់នោះបានបើកបុកទូកនេសាទរ គាត់ចំពីក្រោយសង្កត់លិចតែម្ដង ខណៈ ដែលពួកគាត់កំពុងអូសមងបង្គានៅ ចំណុចកើតហេតុនេះ តែពេលនោះ កប៉ាល់នោះបានឈប់មើលដែរទើបគេ ចាកចេញបាត់ទៅ ។ បញ្ជាក់ថា កប៉ាល់ នោះមិនស្គាល់ក្រុមហ៊ុនពិតប្រាកដទេ ដោយគ្រាន់តែដឹងថា កប៉ាល់ដឹកកុងតឺន័រ ពីកំពង់ផែស្វយ័តខេត្ដព្រះសីហនុ ។
ទូកនេសាទមួយគ្រឿងដែលមាន កម្លាំងប្រមាណជាង២០០សេសត្រូវ បានកប៉ាល់ដឹកកុងតឺន័របុកពីក្រោយលិចនៅចំណុចម្ដុំកោះថាសស្ថិតក្នុងដែន សមុទ្រកោះរ៉ុងសង្កាត់កោះរ៉ុង ក្រុងព្រះ សីហនុកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ មិនបណ្ដាលឱ្យ កូនដៃទូកនិងអ្នកបើកបរដែលមាន៤ នាក់ស្លាប់នោះឡើយដោយគ្រាន់តែមានការខូចខាតទ្រព្យសម្បត្ដិនិងទូកទាំងស្រុង ។
យោងតាមរបាយការណ៍អធិការដ្ឋាននគរាលក្រុងព្រះសីហនុបានបញ្ជាក់ថា កម្មករនិងអ្នកបើកបរនៅក្នុងទូកយន្ដ នោះមាន៤នាក់បានរួចផុតពីលង់ទឹក ស្លាប់ទាំងអស់គ្នាក្នុងនោះមាន ១-ឈ្មោះ គឹម ស៊ីនាថ ភេទប្រុស អាយុ៣៣ឆ្នាំ ជា អ្នកបើកទូក មានស្រុកកំណើតនៅក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ, ២-ឈ្មោះ ចាន់មេសា ភេទប្រុស អាយុ២០ឆ្នាំ ជា កម្មករ មានស្រុកកំណើតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកកំពត ខេត្ដកំពត, ៣-ឈ្មោះ នៅ អូន ភេទប្រុស អាយុ២៧ ឆ្នាំកម្មករ មានស្រុកកំណើតភូមិទូល សម្បូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ ចាម, ៤-ឈ្មោះទុយ សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំជា កម្មករទូក មានស្រុក កំណើតភូមិត្រញំងព្រីង ឃុំបន្ទាយមាស ខាងកើត ស្រុកបន្ទាយមាស ខេត្ដកំពត។
គួរបញ្ជាក់ថា គ្រោះថ្នាក់រវាងទូក នេសាទនឹងកប៉ាល់ដឹកទំនិញរបស់ជន បរទេសបានកើតឡើង៥លើកហើយក្នុងអំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤នេះ ក្នុង នោះពួកគេពុំដែលបានទទួលសំណងណាមួយឱ្យសមស្របនោះឡើយដោយសារ តែពួកគាត់មានការយល់ដឹងតិចតួចអំពីផ្លូវច្បាប់និងមិនហ៊ានប្ដឹងផ្ដល់ ព្រោះបើ ប្ដឹងក៏គង់ចាញ់អ្នកមានលុយនិងមាន អំណាចដែរ ។ ប៉ុន្ដែក្នុងបទល្មើសទាំង នោះក៏មានករណីដ៏ធំមួយទើបនឹងកើត ឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ក្នុងនោះក៏មានការប្ដឹងផ្ដល់តាមផ្លូវ ច្បាប់យ៉ាងតឹងរ៉ឹងផងដែរនោះក៏ដោយ សារតែបទល្មើសមួយនោះបានបង្កឱ្យ កម្មករទូកនេសាទខ្មែរស្លាប់អស់៣នាក់ ទៀតផងចំណាត់ការនោះគឺនៅតុលាការខេត្ដកោះកុងនៅឡើយ ៕