ខេត្តកំពង់ស្ពឺ ៖
អាជ្ញាធរមូលដ្ឋានក្នុងស្រុកឧដុង្គ បានលើកឡើងក្នុងកិច្ចប្រជុំ នៅសាលាខេត្តកំពង់ស្ពឺ ជារឿយៗ ពីបញ្ហាប៉ុស្តិ៍ជជុះដុះស្លែ របស់នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលមានទីតាំងនៅចំណុចផ្លូវបំបែក ព្រំប្រទល់ ៣ខេត្ត
គឺកំពង់ស្ពឺ កណ្តាល និងខេត្តកំពង់ឆ្នាំង ក្បែរមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិសុខ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅខាងជើងផ្សារឧដុង្គ ដែលតែងតែបង្កភាពអនាធិបតេយ្យ ប្រដេញចាប់ឡានដឹកឈើ ឬឡានដឹកទំនិញ ឲ្យចូលបង់លុយយ៉ាងប្រសេចប្រសាច ដែលទាមទារឲ្យ អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ពិនិត្យមើលបញ្ហានេះឡើងវិញផង ព្រោះភាពអនាធិបតេយ្យ ដែលកំពុងបង្កឡើង ដោយប៉ុស្តិ៍ជជុះនេះ ផ្ទុយពីគោលការណ៍កែទម្រង់ និងបទបញ្ជារបស់ថ្នាក់លើ ដល់ទៅ ១៨០អង្សារឯណោះ។
ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរថា ទីតាំងប៉ុស្តិ៍ជជុះរបស់ នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំការនៅខាងជើងផ្សារឧដុង្គនេះ ធ្វើសកម្មភាព ដូចជនអនាធិបតេយ្យ មិនដឹងជាពួកគេ ទិញប៉ុស្តិ៍ក្នុងមួយខែៗ ប៉ុន្មានពាន់ដុល្លារនោះទេ ទើបពួកគេអាចធ្វើអ្វីៗ តាមតែអំពើចិត្ត ក្នុងការប្រដេញឡានដឹកទំនិញ ឲ្យចូលបង់លុយ ព្រោះតាមគោលការណ៍ របស់អគ្គស្នងការនគរបាលជាតិ គ្រាន់តែបានចាត់តាំងឲ្យ នគរបាលសេដ្ឋកិច្ច ចុះស្រង់ស្ថិតិទិន្នន័យ រាយការណ៍មកថ្នាក់លើ ដើម្បីសុំកម្លាំងសហការ បង្ក្រាបបទល្មើសេដ្ឋកិច្ច តែប៉ុណ្ណោះ មិនមែនឲ្យចុះទៅប្រមូលលុយ យ៉ាងប្រសេចប្រសាច ច្រកហោប៉ៅផ្ទាល់ខ្លួន ឬទុកសម្រាប់បង់ថ្លៃ ទិញប៉ុស្តិ៍ ឬបង់ជូនមេកើយនោះទេ។
មន្ត្រីអាជ្ញាធរមូលដ្ឋាន បានបង្ហើបឲ្យដឹងផងដែរថា ជើងខ្លាំងជានគរបាលសេដ្ឋកិច្ច ដែលប្រចាំការនៅប៉ុស្តិ៍ជជុះនោះ មានឈ្មោះ ឈឿន វណ្ណារ៉ា និងឈ្មោះ ប៊ិន បុណ្យ បានប្រដេញ តាមចាប់ឡានដឹកឈើឲ្យចូលបង់លុយ មិនដែលមានការយោគយល់នោះទេ ដែលពេលខ្លះឈ្មោះ ឈឿន វណ្ណារ៉ា និងឈ្មោះ ប៊ិន បុណ្យ បានអួតអាង ប្រាប់ក្រុមឈ្មួញថា ខំប្រឹងប្រមូលលុយជូនមេ និងបង់ថ្លៃទិញប៉ុស្តិ៍ ឲ្យបានទាន់ពេលវេលា និងគ្រប់ចំនួន។ សឹងថារថយន្តដឹកឈើខុសច្បាប់ ដែលឆ្លងកាត់តាមផ្លូវជាតិលេខ៥ មួយរយគ្រឿង ត្រូវចូលបង់លុយ ឲ្យឈ្មោះ ឈ្មោះ ឈឿន វណ្ណារ៉ា និងឈ្មោះ ប៊ិន បុណ្យ ដល់ទៅ ៩៩គ្រឿងរួចទៅហើយ ព្រោះពួកគេបានដាក់ប៉ុស្តិ៍ជជុះ នៅខាងជើងផ្សារឧដុង្គ និងពូកែប្រដេញ ឡានដឹកទំនិញ ដែលភ្លេចចូលបង់លុយ ឡើងដុះស្លែទៅហើយ។
បើតាមប្រភពព័ត៌មានខ្សឹបខ្សៀវ ពីអាជ្ញាធរស្រុកឧដុង្គ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៥ ខែកុម្ភះនេះ នេះ មានករណីរថយន្តកូរ៉េចំណុះ ២តោនកន្លះ មួយគ្រឿង បានលួចបង្កប់ឈើប្រណីត ប៉ុន្តែគេមិនដឹងថា មានចំនួនប៉ុន្មានម៉ែត្រគូបនោះទេ ហើយខ្សែបណ្តាញរបស់ឈ្មោះ ឈឿន វណ្ណារ៉ា និងឈ្មោះ ប៊ិន បុណ្យ បានរាយការណ៍ពីមុខសញ្ញា លួចបង្កប់ឈើប្រណីតនេះ ក៏ត្រូវឈ្មោះ ឈឿន វណ្ណារ៉ា និងឈ្មោះ ប៊ិន បុណ្យ ទាមទារឲ្យបង់លុយ ដល់ទៅ ៥ពាន់ដុល្លារឯណោះ បើទោះបីជាម្ចាស់ឈើសុំអង្វរចុះថ្លៃក៏មិនព្រម។ ក្រោយការសម្របសម្រួល ដែលភាសាសាមញ្ញគេនិយាយថា គោះយកលុយស្ងាត់ៗចំនួន ៥ពាន់ដុល្លារហើយនោះ ទីបញ្ចប់ឡានដឹកឈើមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចដទៃទៀតស្ទាក់ចាប់បង្ខំ ឲ្យបង់លុយរហូតទាល់តែ ម្ចាស់ឈើគ្មានលុយបង់ ដោយសារមានការបោះដៃ ពីឈ្មោះ ឈឿន វណ្ណារ៉ា និងឈ្មោះ ប៊ិន បុណ្យ ។
ជារឿយៗ ធ្លាប់មានព័ត៌មានលេចធ្លាយ ពីអាជ្ញាធរស្រុកឧដុង្គថា លោក ឈឿន វណ្ណារ៉ា និងលោក ប៊ិន បុណ្យ ជាជើងខ្លាំងក្នុងការប្រមូលលុយ ពីឡានដឹកឈើ ឬចាប់យកមកគោះលុយស្ងាត់ៗ ដើរតួជាមន្ត្រីនគរបាលយុត្តិធម៌ផង និងជាតុលាការផង សឹងថាមិនដែលឆ្លងយោបល់ ពីថ្នាក់លើឬព្រះរាជអាជ្ញានោះទេ ហើយវប្បធម៌របស់ ឈ្មោះ ឈឿន វណ្ណារ៉ា និងឈ្មោះ ប៊ិន បុណ្យ គឺគោះលុយពីក្រុមឈ្មួញស្ងាត់ៗរួចហើយ រាយការណ៍ប្រាប់សមត្ថកិច្ចដទៃ ឲ្យបង្ក្រាបមួយជាន់ទៀត គ្មានក្តីអាណិតអាសូរដល់ក្រុមឈ្មួញ សូម្បីតែបន្តិចណាឡើយ។ គេចង់ឃើញ អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃពិនិត្យមើលភាពអនាធិបតេយ្យ និងភាពអសកម្ម ប្រព្រឹត្តដោយឈ្មោះ ឈឿន វណ្ណារ៉ា និងឈ្មោះ ប៊ិន បុណ្យ ឡើងវិញផង៕